កម្ពុជាស្នើសុំឲ្យជប៉ុនមកអភិវឌ្ឍន៍លើប្រព័ន្ធដឹកជញ្ជូន ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ក្នុងក្រុងភ្នំពេញ

ភ្នំពេញ: កន្លងមក ជប៉ុនបានធ្វើការសិក្សាក្នុងការរកដំណោះស្រាយពីការដឹកជញ្ជូននៅទីក្រុងភ្នំពេញ ខណៈការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ទើបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំឲ្យក្រុមហ៊ុនជប៉ុនមកធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញបន្ថែមទៀតឲ្យឆាប់ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ។

ការបង្ហាញនេះ នៅវិមានសន្តិភាព នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេច ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក Norikazu Suzuki អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន ដើម្បីបន្តការពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងជប៉ុន។

តាមហ្វេសប៊ុកផ្លូវការសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញថា សម្ដេចមានប្រសាសន៍ថា ជំនួយរបស់ប្រទេសជប៉ុន គឺមិនត្រឹមតែការកសាងអភិវឌ្ឍផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥នោះទេ ថែមទាំងបានចូលរួមការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុផងដែរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

លើសពីនេះ សម្ដេចបានមានប្រសាសន៍អំពីវិស័យធនធានមនុស្ស ជាពិសេសការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដោយក្រៅពីជំនួយកម្ចីសម្បទាននោះ ជប៉ុនបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងនោះចំនួនភ្ញៀវទេសចរជប៉ុនក៏មានចំនួនគួរឲ្យចាប់អារម្មណ៍ និងកើនឡើងជាលំដាប់។

ពាក់ព័ន្ធទៅនឹងប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងភ្នំពេញ កន្លងទៅនេះជប៉ុនបានធ្វើការសិក្សាក្នុងការរកដំណោះស្រាយ ពីការដឹកជញ្ជូន ដែលទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ គឺកើតមានការកកស្ទះចរាចរណ៍។ ដូច្នេះសម្ដេចបានស្នើសុំឲ្យក្រុមហ៊ុនជប៉ុនមកធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញនេះឲ្យឆាប់ ដើម្បីបម្រើសេចក្តីត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញកាន់តែមានភាពងាយភាពល្អប្រសើរ។

សម្ដេចថា មានកត្តាពីរសំខាន់ក្នុងការអភិវឌ្ឍប្រទេស ទី១គឺកត្តាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលកត្តាទាំងពីរនេះជាកត្តាសំខាន់ដែលធ្វើឲ្យប្រទេសជាតិមួយមានការអភិវឌ្ឍរីកចម្រើន។ ការធ្វើកំណែទម្រង់របស់ប្រទេសកម្ពុជានាពេលកន្លងមក ហើយកំណែទម្រង់ទាំងអស់នោះធ្វើអោយប្រទេសកម្ពុជាមានការរីកចម្រើន៕