ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹង ខណៈភាគីទាំងពីរកំពុងចរចាគ្នា

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងនៅថ្ងៃទី២៣ ខែសីហានេះថា រហូតមកដល់ពេលនេះ ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹងធ្ងន់ធ្ងរទេ ខណៈភាគីទាំងពីរកំពុងចរចាគ្នា ដើម្បីរកដំណោះស្រាយបញ្ចប់ទំនាស់។

សម្តេច ទៀ បាញ់ ត្រូវបានសារព័ត៌មាន Fresh News ដកស្រង់សំដីថា៖ «តាមគម្រោងគឺព្រឹកនេះ គឺមានការពិគ្រោះគ្នាថ្នាក់ខ្ពស់ហើយ មិនមានបញ្ហាទេ យើងនឹងដោះស្រាយហើយ កន្លែងហ្នឹងមានការបកស្រាយហួសហេតុពេក គឺថាទេមិនមានអ្វីដែលជាការប្រឈមខ្លាំងក្លាទេ រឿងតូចតាចមួយហ្នឹងទេ»។

សម្តេចបន្តថា«ភាគីទាំងពីរកម្ពុជា-ឡាវ តាំងពីដំបូង គឺបានបញ្ជាដាច់ខាត គឺមិនឱ្យមានការប៉ះទង្គិចគ្នានោះទេ ដោយត្រូវឈរទៅលើការជជែកដោះស្រាយដោយសន្តិវិធី ហើយសម្តេចសង្ឃឹមថា រឿងនេះនឹងបានដោះស្រាយចប់ឆាប់ៗនេះ»។

សម្តេចបញ្ជាក់បន្ថែមថា បញ្ហាព្រំដែនកម្ពុជា-ឡាវនេះ កើតឡើងដោយសារទីតាំងនោះជាតំបន់មិនទាន់បោះបង្គោលព្រំដែនដាច់ស្រេចនៅឡើយ ហើយប្រជាជនខ្មែរបានឃើញដីនោះទំនេរ ក៏ទៅបង្កបង្កើនផលទីនោះ ហើយកងទ័ពឡាវបានមកដកដំណាំរបស់ពួកគាត់ ទើបប្រជាជនបានរាយការណ៍ដល់កងកម្លាំងយោធារបស់កម្ពុជា។ ការបញ្ជាក់នេះ បន្ទាប់ពីមានការផ្សាយដំណឹងថា ស្ថានភាពកម្ពុជា-ឡាវ កំពុងតានតឹងដាក់គ្នាស្ទើតែផ្ទុះអាវុធ នៅពេលដែលកងទ័ពឡាវ និងកម្ពុជាមានវត្តមាននៅព្រំដែនត្រង់ចំណុចព្រំដែនទន្លេល្ពៅ ខេត្តព្រះវិហារ។

តាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ បានបង្ហាញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះថា ៖«សូមគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីជូនជ្រាប៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៩នេះ សភាពការណ៍តាមព្រំដែនកម្ពុជា-ឡាវតាមរបាយការណ៍ពីលោកអធិការស្រុកជាំក្សាន្ត និងកងកម្លាំងជួរមុខ។ សកម្មភាពយោធាឡាវបន្តឈរជើងនៅចំណុចដដែលពិនិត្យឃើញមានការកើនកម្លាំងជាងមុន។

ប្រភពបន្តថា កម្លាំងខាងយើង ក៏បានបន្ថែមនៅគ្រប់គោលដៅត្រៀមចាំបញ្ជា។ នៅម៉ោង ៦: ៣០នាទី ថ្ងៃទី ២២ សីហា ឆ្នាំ២០១៩ ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានប្រជុំផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំនិងសមត្ថកិច្ចស្រុកជាំក្សាន្តឲ្យធ្វើការត្រៀមលក្ខណៈ ជម្លៀសប្រជាជនចំនួន៤ភូមិក្នុង២ឃុំ។

ប្រភពបន្តថា មានទី១-ភូមិរបុញ ទី២-ភូមិសែនតេជះ ទី៣-ភូមិមរកតតេជោ ក្នុងឃុំមរកត និងទី១-ភូមិ សែនរុងរឿង៥ ក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត ឲ្យមកស្នាក់ជានៅគោលដៅចំណុចស្រះម្លិះ និងវត្តទួលអណ្តែតក្នុងស្រុកជាំក្សាន្ត ដើម្បីការពារក្នុងករណីអាសន្នឈានដល់ការផ្ទុះអាវុធ»៕