
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបន្តស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន ២ កន្លែងទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ ផ្លូវ ប្រកបដោយសុវត្ថិភាពមិនប្រឈមបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើង។
តាមការបង្ហោះឲ្យដឹងតាមរយៈហ្វេសប៊ុកផេករបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងមាន គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន ២ ទីតាំងបន្ថែមទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព។
សម្រាប់គម្រោងទី ១ មានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុង ខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទី ២ មានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងលិចផ្សារដើមគ។
គម្រោងស្ថាបនាផ្លូវថ្មើរជើងនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញអៈអាងថា ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍកាន់តែរីកចម្រើន ហើយក៏ធ្វើឲ្យទីក្រុងកាន់តែស៊ីវីល័យ ពិសេសបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ផ្លូវមិនប្រឈមគ្រោះថ្នាក់កើតឡើង។ សូមរំឮកថា គិតមកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន ៣ កន្លែងហើយ ដោយ ២ កន្លែងនៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ និងមួយកន្លែងទៀតនៅតំបន់ភ្លើងស្តុបនាង គង្ហីង ខណ្ឌ៧មករា៕