អ្នកស្រាវជ្រាវបុរាណវិទ្យាជប៉ុន-ខ្មែរ រកឃើញកោដ្ឋដាក់ឆ្អឹង មួយចំនួននៅប្រាសាទបន្ទាយក្តី

សៀមរាប៖ រយៈពេល ១១ថ្ងៃនៃកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្តីក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាជប៉ុន-ខ្មែរ បានកាយប្រទះឃើញកោដ្ឋដាក់ឆ្អឹងមួយចំនួននៅជើងខឿនក្នុងបរិវេណប្រាសាទបន្ទាយក្តី ដែលតាមការសន្និដ្ឋានអាចត្រូវបានយកបញ្ចុះរវាងស.វ.ទី១៦ និង១៧។

កំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្តី បានចាប់ផ្តើមឡើងនៅថ្ងៃទី១០ និងបញ្ចប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីដឹងអំពីការវិវឌ្ឍនៃរចនាសម្ពន្ធ និងទំនាក់ទំនងរបស់សំណង់នីមួយៗ។

លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ សូហ្វីយ៉ាប្រទេសជប៉ុន បានឱ្យដឹងថា នៅឆ្នាំ២០១៩ យើងបានធ្វើកំណាយនៅទីតាំងនៃសំណង់មួយហៅថា «ខឿនព្រះពុទ្ធសាសនា» ក្នុងគោលបំណងចង់បញ្ជាក់បន្ថែមលើកំណាយកាលពីឆ្នាំ១៩៩៥និង១៩៩៦ ដែលបានធ្វើនៅផ្នែកខាងលិចនៃខឿនព្រះពុទ្ធសាសនានេះ។ កាលនោះបានប្រទះឃើញកោដ្ឋដាក់ឆ្អឹងខ្លះដែលជាភាជន៍ចិនផលិតក្នុងរវាងស.វ.ទី១៦និង១៧។

លើកនេះ យើងបើករណ្ដៅធ្វើកំណាយនៅផ្នែកខាងកើត ដើម្បីចង់ដឹងថា តើមានកោដ្ឋដែលគេយកមកបញ្ចុះនៅទីតាំងខឿនព្រះពុទ្ធសាសនានេះទៀតដែរឬទេ? ហើយក៏ចង់ស្វែងយល់អំពីទំនាក់ទំនងនៃរចនាសម្ពន្ធរបស់ខឿនព្រះពុទ្ធសាសនា និងសំណង់ថ្មបាយក្រៀម (យើងឱ្យឈ្មោះថា C19) រួមទាំងសំណង់មួយទៀតដែលយើងមិនទាន់ដឹងអំពីតួនាទីពិតប្រាកដ។ ថ្វីត្បិតយើងមិនអាចកំណត់កាលបរិច្ឆេទនៃសំណង់ C19 ក្ដី ប៉ុន្តែយើងយល់ថា វាសាងមុនខឿនព្រះពុទ្ធសាសនា នេះបើពិនិត្យមើលលើស្ថានភាពគ្រឹះនៃសំណង់ដែលយើងធ្វើកំណាយឃើញ។ យើងនឹងធ្វើកំណាយបញ្ជាក់ម្ដងទៀតនៅឆ្នាំក្រោយ ដើម្បីស្វែងយល់លម្អិតអំពីរចនាសម្ពន្ធរបស់សំណង់ទាំងពីរនេះ។

លោក សុធាវិន្ទ បញ្ជាក់ទៀតថា កំណាយលើកនេះ យើងបានប្រទះឃើញកោដ្ឋចំនួន៣ ចានដាក់ឆ្អឹងចំនួន៣ និងដបដាក់ទឹកចំនួន៤ (បើពង្រីករណ្ដៅកំណាយអាចមានច្រើនទៀត) ដែលគេយកមកបញ្ចុះនៅទីតាំងនៃខឿនព្រះពុទ្ធសាសនានេះ។ បើពិនិត្យលើការបញ្ចុះដោយមានដាក់ដបទឹក និងប្រភេទកោដ្ឋ គឺជារបស់ថ្មីទេ អាចក្នុងរវាង៤០ទៅ៦០ឆ្នាំប៉ុណ្ណោះ។

យោងតាមអ្នកភូមិរហាល ពួកគាត់ថានៅក្នុងទសវត្សឆ្នាំ១៩៨០ មានអ្នកភូមិរហាល និងស្រះស្រង់ (ភូមិនៅក្បែរប្រាសាទ) បានយកកោដ្ឋមកបញ្ចុះនៅទីនេះ ខ្លះយកទៅបញ្ចុះនៅអង្គរវត្ត។ កាលពីទសវត្សឆ្នាំ១៩៧០ ពេលដែលមានការទម្លាក់គ្រាប់បែកខ្លាំង អ្នកភូមិនៅក្បែរបន្ទាយក្ដីក៏បាននាំគ្នាមករស់នៅក្នុងបរិវេណប្រាសាទនេះច្រើន ដើម្បីសុវត្ថិភាព។

ពេលនោះក៏មានគេយកកោដ្ឋសាច់ញាតិមកបញ្ចុះនៅជុំវិញខឿនព្រះព្រះពុទ្ធសាសនានេះដែរ។ រហូតដល់សព្វថ្ងៃ ពេលចូលឆ្នាំខ្មែរ និងមុនភ្ជុំបិណ្ឌ អ្នកភូមិតែងតែមករៀបចំពិធីនៅទីនេះ ដើម្បីរំឭកដល់សាច់ញាតិដែលបានចែកស្ថានទៅ។ ក្រុមការងារក៏នឹងស្រាវជ្រាវបន្តរកសាច់ញាតិដែលបានយកកោដ្ឋមកបញ្ចុះនៅទីតាំងនេះ ដើម្បីដឹងព័ត៌មានលម្អិតក្រោយចប់កំណាយ៕