ក្រសួងទេសចរណ៍ប្រកាសឲ្យសិស្សនិស្សិតចូលរួមបញ្ចេញស្នាដៃគំរូបប្លង់ STREET FOOD ដោយផ្តល់ប្រាក់រង្វាន់សរុបជិត ២,០០០ ដុល្លារ

ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាសឲ្យសិស្សនិស្សិតទាំងដែលកំពុងសិក្សាឆ្នាំទី ៣ ទី៤ និងទី ៥ តាមបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថាន ដែលមានជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងទេសចរណ៏ និងជំនាញពាក់ព័ន្ធ ចូលរួមបញ្ចេញស្នាដៃគម្រោងប្លង់ស្ថាបត្យកម្ម កម្មវិធីលក់ម្ហូបអាហារតាមដងវិថី (STREET FOOD) ដែលត្រៀមធ្វើនៅក្រុងកំពតនៅពេលខាងមុខនេះ។
កម្មវិធីនេះធ្វើឡើង ដើម្បីលើកកម្ពស់ចលនាប្រឡងប្រណាំងទីក្រុងស្អាត ព្រមជាមួយការពង្រឹងសេវាកម្មទេសចរណ៍បៃតង និងភាពស្អាតឆ្ពោះទៅអបអរសាទរបុណ្យសមុទ្រនៅខេត្តកំពត គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយសាលាខេត្តកំពត និងសហភាពសហពន្ធ័យុវជនកម្ពុជា បានដាក់ឲ្យដំណើរការនូវការប្រកួតប្រជែងគម្រោងប្លង់ស្ថាបត្យកម្ម លើគម្រោងស្ថាបត្យកម្មវិធីលក់ម្ហូបអាហារ (FOOD STREET) សម្រាប់ក្រុងកំពតដែលជាបេក្ខភាពជ័យលាភីទីក្រុងស្អាតចំណាត់ថ្នាក់ផ្ការំដួលបីទង និងជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រឆ្នាំ ២០១៩ ។

លក្ខខណ្ឌសម្រាប់ការចូលរួមប្រកួតប្រជែង ស្នាដៃស្ថាបត្យកម្មរួមមាន៖
១. សម្រាប់តែអ្នកជំនាញ ឬនិស្សិតដែលកំពុងសិក្សាឆ្នាំទី៣ ទី៤ និងទី៥ តាមបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថាន ដែលមានជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងទេសចរណ៏ និងជំនាញពាក់ព័ន្ធ (១ ក្រុមមានសមាជិក ០៣ រូប)។
២.ដាក់ពាក្យសុំប្រកួតប្រជែងស្នាដៃ៖ នៅក្រសួងទេសចរណ៍ នាយកដ្ឋានសណ្ឋាគារ និងម្ហូបអាហារ ដែលមានទីតាំងស្ថិតនៅអគារលេខ៣A ផ្លូវ១៦៩ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ជាន់ទី៤) ឬតាមរយៈអ៊ីម៉ែល [email protected] ឬតាមរយៈប្រព័ន្ធOnline : https://forms.gle/kM38ReNmVEM5xHTG8 ។
៣.រយៈពេល៖ ចាប់ផ្តើមទទួលពាក្យប្រកួតប្រជែងចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១។

៤.គោលការណ៍បច្ចេកទេស៖ គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (FOOD STREET) ត្រូវអនុវត្តន៍តាមគោលការណ៍បច្ចេកទេសដូចតទៅ៖
• ត្រូវមានសោភណភាពល្អព្រមទាំងបង្ហាញពីអត្តសញ្ញាណស្ថាបត្យកម្មបែបខ្មែរ ឬស្ថាបត្យកម្មបែបទំនើប ឬស្ថាបត្យកម្មបែបសហស្សវត្សរ៍ និងគោរពនូវបទដ្ឋាន និងក្បូនខ្នាតឲ្យបានច្បាស់លាស់។
• ត្រូវយកចិត្តទុកដាក់អំពីការអភិវឌ្ឍន៍បៃតង និងលក្ខណៈនៃបែបបទទូទៅនៃស្ថាបត្យកម្មទាក់ទងនឹងទីតាំងភូមិសាស្ត្រនៃទីក្រុង ដែលមិនប៉ះពាល់សោភណភាពគំហើញនៃតំបន់ ភាពស៊ីសង្វាក់ជាមួយទិដ្ឋភាព បរិស្ថាននិង វប្បធម៌សង្គមជុំវិញ ព្រមទាំងការធ្វើសមាហរណកម្មនៃគម្រោងនៅក្នុងទីតាំង រួមទាំងប្រើនូវសម្ភារៈដែលគិតគូរខ្ពស់ពីបរិស្ថានទីក្រុង។
• ត្រូវយកគិតគូរអំពីបែបបទនៃការអភិវឌ្ឍន៍ទីក្រុងប្រកបដោយភាពឆ្លាតវៃ (Smart City)

៥.ទំហំការងារ៖ គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (FOOD STREET) នេះមានទំហំការងារដូចខាងក្រោម៖
• ទស្សនៈស្ថាបត្យកម្ម និងការរៀបចំទីក្រុង
• គំនូសប្លង់ដែលមានមាត្រដ្ឋានច្បាស់លាស់(ប្លង់សរុប ប្លង់រូបភាពពីគ្រប់ទិស ប្លង់ពុះយ៉ាងតិចចំនួន២ រូបភាពនេត្រាទស្សន៍ ឬរូបសំណាក់ស្ថាបត្យកម្ម និងប្លង់លម្អិតតាមការចាំបាច់)។

៦.អំពីជ័យលាភីនៃការប្រកួតប្រជែង៖ ចំពោះគម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ ១ ដល់លេខ៣នឹងទទួលជ័យលាភីពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ដូចតទៅ៖
• គម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ១ នឹងទទួលបានថវិកាចំនួន ៤,០០០,០០០ (បួនលានរៀល) និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី។
• គម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ២ នឹងទទួលបានថវិកាចំនួន ៣,០០០,០០០ (បីលានរៀល) និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី។
• គម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ៣ នឹងទទួលបានថវិកាចំនួន ២,០០០,០០០ (ពីរលានរៀល) និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី៕