
ភ្នំពេញ៖ ក្រោយជួបព្យុះ ជួបភ្លៀងជាច្រើន ពេលនេះ ក្រុមយុវជនសំរាមបានសហការជាមួយនឹង ផ្សារទំនើប Aeon ទី ២ សម្រេចជ្រើសយកថ្ងៃទី ១១ រៀងរាល់ខែ ធ្វើយុទ្ធនាការដើររើសសំរាម ដើម្បីបណ្ដុះគំនិតប្រជាជនខ្មែរឲ្យយល់ដឹងកាន់តែច្បាស់ អំពីបរិស្ថាន ជាពិសេសសំរាម ដែលជាកង្វល់ដ៏ធំមួយកើតឡើងក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន។
លោក សាន ដារ៉ាវិត ស្ថាបនិកនៃក្រុម «យុវជនសំរាម» បានប្រាប់ The Plus News កាលពីព្រឹកថ្ងៃចន្ទ នេះថា ក្រោយជោគជ័យលើកម្មវិធី «ការប្រកួតសម្ភារៈកែច្នៃឡើងវិញ» ដែលរៀបចំឡើងនៅក្នុងផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ក្រុមលោក និងខាងផ្សារទំនើបបានសហការគ្នា និងសម្រេចជ្រើសយកថ្ងៃទី ១១ រៀងរាល់ខែ ការដើររើសសំរាម។
ស្ថាបនិកខាងលើបន្ថែមថា សម្រាប់ដំណាក់កាលដំបូង ការដើររើសសំរាមនឹងចាប់ផ្ដើមឡើងនៅម្ដុំផ្សារទំនើប អនម៉ល សែនសុខ ស៊ីធី ដោយមានការចូលរួមពីបុគ្គលិកផ្សារ និងក្រុមយុវជនសំរាម។ ជាមួយយុទ្ធនាការនេះ ខាងលោក ក៏ស្នើសុំឲ្យមានការចូលរួមពីបងប្អូនដែលនៅក្បែរនោះ ក៏ដូចជាបងប្អូនទូទៅដែលអាចឆ្លៀតពេលចូលរួមបាន ដើម្បីរួមគ្នាបណ្ដុះគំនិតធ្វើយ៉ាងណាឲ្យប្រទេសយើងក្លាយជាប្រទេសគ្មានសំរាម៕