មុននឹងល្បីក្នុងកម្មវិធី SUPER 100 របស់ថៃយុវជន ហុង ភារិន មានជីវិតយ៉ាងកម្សត់

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជាបានជ្រាបខ្លះហើយ ទាក់ទងនឹងរឿងយុវជនខ្មែរមួយរូប​ដែល​កំពុង​ល្បី​ក្នុង​កម្មវិធី​ទូរទ្សន៍ថៃ SUPER 100 កាលពីពេលថ្មីនេះ។ ដោយមុននឹងទទួលបានភាពល្បីល្បាយទាំងនៅកម្ពុជា និងថៃ យុវជន ហុង ភា​រិ​ន មានជីវិតតស៊ូយ៉ាងកម្សត់ ខណៈរូបគេជាកូនកំព្រាឪពុកតាំងតែពីអាយុ ១១ ឆ្នាំ ត្រូវ​រស់​នៅ​ជាមួយម្ដាយក្នុងគ្រួសារ​ក្រីក្រមួយ។

ទាក់ទងនឹងរឿងនេះដែរ បងស្រីរបស់យុវជន ហុង ភា​រិ​ន បានប្រាប់ The Plus News ថា បញ្ហាគ្រួសារ​ធ្វើ​ឲ្យ​ជីវិត​គ្រួសារពួកគាត់ត្រូវលំបាក បន្ទុកទាំងមូលត្រូវធ្លាក់ទៅលើអ្នកម្ដាយដែលជាស្រ្ដីមេម៉ាយ។ មុនពេល ភារិន បាន​ឡើង​ក្នុងកម្មវិធី SUPER 100 នៅប្រទេសថៃ រូបគេ ជាក្មេងខ្លាចសង្គម ព្រោះខ្វះភាពកក់ក្ដៅពីគ្រួសារ ធ្វើឲ្យ​រូប​គេ​​មិ​ន​ចង់​ចេញពីផ្ទះ ហើយក៏​មិន​ចង់ទៅ​រៀន​នោះដែរ ព្រោះតែ​ខ្លាច​អ្នកដទៃ។ ប៉ុន្តែថ្ងៃមួយ បងប្រុសខ្ញុំរបស់ បាន​ប្រាប់​គាត់​ថា បើ​ចង់​បំបាត់​ការដែល​ខ្លាច​សង្គម​បែបនេះ គឺ​ព្យាយាម​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន។ ចាប់ពីថ្ងៃនោះ មកគាត់ក៏ព្យាយាមអាន​សៀវភៅ​ ហើយភាគច្រើន គឺគាត់​អាន​សៀវភៅ​​ចិត្ត​វិទ្យា ដែល​និយាយ​ពី​តម្រូវការ​ពី​ខ្លួនឯង ព្រមទាំងការថែរក្សា​ខ្លួន​ឲ្យ​បានល្អ។

បងស្រីរបស់យុវជន ហុង ភា​រិ​ន បន្ថែមថា ក្រោយមកគាត់ក៏ធ្វើបាន គាត់ក៏​បាន​ជួបនឹង​អ្វីដែលគាត់​ប៉ងប្រាថ្នា ព្រមជាមួយ​អ្វីដែល​គាត់​ចូលចិត្ត ដែលមាន​ដូចជា​ការចង​ចាំ​តួរ​លេខ ឬ​ចាំអ្វីៗជាច្រើន​យ៉ាង។ ក្រោយមកទៀត គាត់ខិតខំប្រឹងរៀនរហូតបានជាប់អាហារ​រូបករណ៍មករៀននៅថៃ។ ពេលមកដល់ថៃ ហុង ភា​រិ​ន ជក់ចិត្តក្រោយ​ខ្លួន​ឃើញ​បេក្ខជន​ម្នាក់​ឈ្មោះថា ពី​ន បាន​ចូលរួម ហើយ​ខ្លួន​ក៏​ចង់​ធ្វើ​ឲ្យ​ពូកែ​ដូច​រូបគាត់ ក៏​ថត​ឃ្លី​ប​ខ្លី​ផ្ញើមក​ឲ្យ​ខាង​កម្មវិធី ហើយក៏​បានមក​ដល់ទី​នេះ។

ចូលមក​ដល់​ការបញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធីប្អូន ហុង ភា​រិ​ន បាន​ឆ្លងកាត់​វិញ្ញាសារ​ចំនួន ៣ ​ដោយវិញ្ញាសារទី១ គឺ​ការចងចាំ​លេខ​ ៣០ ខ្ទង់ ក្នុង​រយៈពេល ៣០ វិនាទី។ វិញ្ញាសារ​ទី ២ គីការទស្សទាយ​ន៍​សន្លឹក​បៀរ​ដែល​រៀប​ខុស​លំដាប់​គ្នា​ទៅតាម​លេខ ដោយ​ឲ្យ​គណៈកម្មការ​ហៅ​លេខ​រៀង ឬក៏​សន្លឹក​បៀរ ហើយ​រូបគេ​ជា​អ្នកឆ្លើយ។ វិញ្ញាសារ​ចុងក្រោយ​នោះ​គឺ ការចងចាំ​ថ្ងៃខែ ដោយ​គណៈកម្មការ​ជា​អ្នក​ហៅ​ពេលវេលា ហើយ​រូបគេ​ត្រូវ​ឆ្លើយថា​ជា​ថ្ងៃ​អ្វី ទី​ប៉ុន្មាន ខែ​ណា ឆ្នាំ​ណា។

ទីបំផុត​បេក្ខជន ហុង ភា​រិ​ន ក៏បាន​ឆ្លងកាត់​វិញ្ញាសា​រទាំង ៣ បាន​ជោគជ័យ ដោយ​រូបគេ​បានទទួល​រង្វាន់​តាម​កា​រ​ស្នើសុំ​នោះ​គឺ​សៀវភៅ និង​ឧបករណ៍​សិក្សា​សម្រាប់​ចែកចាយក្មេងៗក្រីក្រ ដែល​រស់​នៅឯ​ខេត្ត​ឆ័យ​ភូមិ សរុប​ជា​ទឹកប្រាក់​ចំនួន ៤៥,០០០បាត។ លើសពីនេះ​ខាង​កម្មវិធី​ក៏បាន​បន្ថែម​ទឹកប្រាក់​ទៅ​ឲ្យ​បេក្ខជន​រូបនេះ​ចំនួន ១០,០០០ បាត ដើម្បី​ផ្តល់​ទៅ​ឲ្យ​អ្នក​ម្តាយនៅឯផ្ទះនេះទៀត ​សរុប​ទាំងអស់​គឺ​ចំនួន ៥៥,០០០ បាត។

សូមរំឮកថា៖ កាលពីថ្មីៗនេះ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ពេញ​បណ្តាញ​សង្គម​ខ្មែរ ថៃ ក្រោយពេល​មាន​និស្សិត​អាហារ​រូបករណ៍​ខ្មែរ​មួយរូប​បាន​មាន​វត្តមាន​ចូលក្នុង​កម្មវិធី SUPER 100 ជា​កម្មវិធី​ប្រមូលផ្តុំ​ទៅដោយ​មនុស្ស​មាន​សមត្ថ​ភាព​ពិសេស ឬ​ហៅថា​មនុស្ស​អច្ឆរិយៈ ហើយ​កម្មវិធី​នេះ​ក៏​ជា​កម្មវិធី​មួយ​ដ៏​ល្បី​ប្រចាំ​ប្រទេស​ថៃ។ ក្រោយពី​បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​សមត្ថភាព និង​វគ្គ​ជម្រុះ​យ៉ាង​ល្អិតល្អន់​រួចមក​បេក្ខជន ហុង ភា​រិ​ន ដែលជា​និស្សិត​អាហារ​រូបករណ៍​ខ្មែរ​បាន​ឈាន​ចូលដល់​វគ្គ​ការសម្តែង​ផ្ទាល់ ​ចំពោះមុខ​ទស្សនិកជន និង​គណៈកម្មការ​កិត្តិយស​ទាំងបី និងទទួលបានរហ័សនាមថាជា “អច្ឆរិយៈកម្ពុជា” ពីប្រទេសថៃផងដែរ៕