ក្រសួងឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្ន ថ្វីបើព្យុះប៉ូដុលចុះថមថយមែន ប៉ុន្តែកម្ពុជានៅតែមានភ្លៀងធ្លាក់ច្រើន និងខ្យល់ និងបក់បោកខ្លាំងដដែលនៅតាមតំបន់មួយចំនួន

ភ្នំពេញ ៖ បណ្តា​ខេត្ត​នៅជាប់​មាត់សមុទ្រ​កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ផ្ទៃសមុទ្រ​មាន​ខ្យល់ និង​រលក​បក់បោក​ខ្លាំង និង​ខេត្ត​ដ​ទែ​ទៀត​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​បរិមាណ (ពី​បង្គួរ​ទៅ​ច្រើន ក្នុងនោះ​មាន​ផ្នែក​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បើ​ទោះ​ត្រឹមតែ​ឥទ្ធិពល​ព្យុះ​ឈ្មោះ “ប៉ូ​ដុល” (PODUL) បាន​ចុះថមថយ​ផង ។

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ។

សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ទៀតថា នៅពេលនោះ​ព្យុះ​ទី១៦ ឈ្មោះ “ប៉ូ​ដុល” (PODUL) ក្រោយពី​ឆ្លងកាត់​នៅលើ​ហ្វីលីពីន​ភាគ​ខាងជើង បច្ចុប្បន្ន​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ បន្ទាប់មក​ព្យុះ​នេះ​នឹងធ្វើ​ដំណើរ​តម្រង់​ទៅ​កោះ​ហៃណាំ​ភាគ​ខាងក្រោម មុននឹង​ទៅដល់​ភាគ​ខាងក្រោម​ហាណូយ (វៀតណាម) នៅ​ថ្ងៃទី៣១ ខែសីហា រួច​ទើប​ថមថយ​ឥទ្ធិពល​ជាបណ្តើរៗក្នុង​ទឹកដី​ឡាវ ។

ក្រុម​អ្នក​ព្យាករ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ពិនិត្យ និង​រកឃើញថា ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​អូសបន្លាយ​លើ​កម្ពុជា ខណៈ​ខ្យល់មូសុង​និរតី​បាន​នឹង​បង្កើន​ឥទ្ធិពល ។ ដូច្នេះ​លក្ខណៈ​បែបនេះ​ចាប់ពី​ថ្ងៃទី២៨ ខែសីហា ដល់​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នឹងធ្វើ​ឲ្យ​អាកាសធាតុ​ដូចខាងក្រោម​នេះ ៖

១- បណ្តា​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រ​មាន​ជាអាទិ៍ ៖ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅលើ​ផ្ទៃសមុទ្រ​មាន​ខ្យល់ និង​រលក​បក់បោក​ខ្លាំង ។

២- ខេត្តកំពត កែប កំពង់ស្ពឺ តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គរ ។

៣- បណ្ដា​ខេត្ត​ដទៃ​ទៀ​ត៏​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​បរិមាណ (ពី​បង្គួរ​ទៅ​ច្រើន​ក្នុងនោះ​មាន​ផ្នែក​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។

ក្រុមការងារ​ក្រសួង​ធនធានទឹក នៅតែ​បន្ត​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ បាតុភូត ភ្លៀង ខ្យល់ ផ្គរ រន្ទះ ដែល​អាច​កើតឡើង​ជាយថាហេតុ ។ ទន្ទឹមនឹងនោះ​ជំនន់​ដែល​បណ្តាលមកពី​ភ្លៀង​ខ្លាំង ក៏ដូចជា​ជំនន់​នៃ​ទ​ន្លើ​មេគង្គ ដែល​បន្ត​ហក់​ឡើយ​ផងដែរ ៕