
ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងស្រាវជ្រាវផេកអនាមិកមួយ ដែលបានបង្ហោះ អំពើសម្លាប់មួយកើតឡើងនៅក្រៅប្រទេស ដោយបានសរសេរបំផុសថាកើតឡើងក្នុងផ្សារទំនើប AEON II ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថ្លែង បដិសេធអំពើសម្លាប់ កើតឡើងក្នុងផ្សារអ៊ីអន២ និងបានដាក់បទបញ្ជាឱ្យមន្ត្រីក្រោមឱវាទធ្វើការស្រាវជ្រាវជាបន្ទាន់។ លោកថ្លែងថា «ក្នុងនាមនាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំង និង បទល្មើសបច្ចេកវិទ្យា បន្ទាប់ពីបានពិនិត្យឃើញផេក មួយដែលបានបង្ហោះថាមានឃាតកម្មក្នុង ផ្សារ AEON II នៅក្នុងខណ្ឌសែនសុខ យើងបានចុះស្រាវជ្រាវនិងសហការជាមួយនិងសមត្ថកិច្ចមូលដ្ឋាន។ យើងបានពិនិត្យឃើញថាព័ត៌មាននេះជាព័ត៌មានក្លែងក្លាយដែលសរសេរនៅក្នុងផេកមួយចំនួន។ នាយកដ្ឋានជំនាញ បានចាត់វិធានការ ស្រាវជ្រាវអំពីផេកនេះហើយ។»
លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបន្តថាព័ត៌មានក្លែងក្លាយដែលបង្ហោះក្នុងផេកនោះ គឺក្នុងគោលបំណង បង្កឱ្យមានភាពច្របូកច្របល់ និងយល់ច្រឡំនូវកត្តាសន្តិសុខក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដែលមានការរីកចម្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសមានស្ថេរភាពជាប្រក្រតី និងមិនមានរឿងអ្វីកើតឡើងដូចព័ត៌មានមួយចំនួនចេះតែបាននិយាយមួលបង្កាច់ ការដឹកនាំរបស់រដ្ឋាភិបាលនោះទេ៕