
ភ្នំពេញ: និស្សិតខ្មែរម្នាក់ទៀតឈ្មោះ ព្រុំ លីផេង ត្រូវបានសភាវិស្វកម្មប្រទេសថៃសម្រេចជ្រើសរើសយកជានិស្សិតឆ្នើម ព្រមទាំងបានទទួលមេដាយមាស ដែលប្រទានដោយព្រះមហាក្សត្រថៃថែមទៀត ខណៈនិស្សិតឈ្មោះ ហុង ភារិន បានបញ្ចេញសមត្ថភាពក្នុងកម្មវិធី Super 100 បានចាក់ផ្សាយរួចរាល់ហើយនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ថៃ Workpoint ល្បីពេញហ្វេសប៊ុក។
តាមហ្វេសប៊ុកឈ្មោះ Cambodian Student Associations of Chaiyaphum Rajabhat University- CSA CPRU បានបង្ហាញឲ្យដឹងថា៖ «អបអរសាទរដល់និស្សិតកម្ពុជាយើង ព្រុំ លីផេង អតីតនិស្សិតអាហាររូបករណ៍ព្រះរាជទាននៃសាកលវិទ្យាល័យ Chaiyaphum Rajabhat University ដេប៉ាតេម៉ង់វិស្វកម្មផ្នែក Production Engineering ដែលត្រូវបានសភាវិស្វកម្មប្រទេសថៃជ្រើសរើសជានិស្សិតឆ្នើម និង បានចូលគាល់ព្រមទាំងទទួលបានមេដាយមាសដែលប្រទានដោយព្រះមហាក្សត្រថៃនាឯព្រះបរមរាជវាំង ទីក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំកន្លងទៅ»។

ទន្ទឹមនឹងនេះ និស្សិតខ្មែរម្នាក់ទៀតឈ្មោះ ហុង ភារិន ដែលទទួលបានអាហាររូបករណ៍ព្រះរាជទានប្រចាំសាកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិ ត្រូវបានកម្មវិធី Super 100 បានចាក់ផ្សាយនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ថៃ Workpoint ស្ដីពីការបង្ហាញសមត្ថភាពដ៏អស្ចារ្យ។

ដោយភាគីថៃបានប្រែចំណងជើងវីដេអូនេះជាតួអក្សរខ្មែរ ហើយផុសនៅក្នុងយូធូប និងអធិប្បាយជាភាសាខ្មែរខ្លះៗជូនបងប្អូនខ្មែរថា នេះជាមោទនភាពសម្រាប់កូនខ្មែរមួយរូបដែលបានឲ្យជនជាតិដទៃបានស្គាល់ខ្មែរ និងមោទនភាពសម្រាប់និស្សិតដែលសិក្សានៅសាកលវិទ្យាល័យរ៉ាឆាផាត់។

ក្នុងកម្មវិធីបានដាក់វិញ្ញាសារទី១-កម្មវិធីតម្រូវឲ្យ ភារិន ចាំតួលេខ ៣០ ខ្ទង់ខុសគ្នាក្នុងរយៈពេល ៣០វិនាទី ហើយភារិន អានតួលេខទាំង ៣០ខ្ទង់ទៅកាន់គណៈកម្មការ វិញ្ញាសារទី២-កម្មវិធីផ្តល់សន្លឹកបៀចំនួន ៥២សន្លឹក ដោយមានតួលេខសម្គាល់នៅខាងលើគ្រប់សន្លឹក បន្ទាប់មក ភារិន ត្រូវបិទភ្នែក ហើយឆ្លើយតបថា តើជាសន្លឹកបៀអ្វីសម្រាប់តួលេខដែលគណៈកម្មការផ្តល់ឲ្យ និងវិញ្ញាសារទី៣-គណៈកម្មការប្រាប់ឆ្នាំ សប្តាហ៍ទីប៉ុន្មាននៃខែ ថ្ងៃអ្វី (ច័ន្ទ-អាទិត្យ) ភារិន ត្រូវតបថា ជាថ្ងៃទីប៉ុន្មាន មិនថាជាអតីតកាល ឬអនាគត៕