អាជ្ញាធរជាតិអប្សរា ត្រៀមដាំកូនឈើ ១,០០០ ដើមតាមបណ្ដោយផ្លូវពីព្រលានយន្តហោះមកប្រាសាទអង្គរវត្ត

សៀមរាម៖ រសៀលថ្ងៃទី ២៨ ខែសីហា នេះ អាជ្ញាធរជាតិអប្សរាបានបង្ហាញគម្រោងដាំកូនឈើតាមបណ្ដោយផ្លូវពីព្រលានយន្តហោះមកប្រាសាទអង្គរវត្ត ដើម្បីលើកកម្ពស់សោភ័ណភាព បង្កើនភាពស្រស់ស្អាត និងទេសភាពបៃតងតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបមកកាន់រមណីយដ្ឋានអង្គរ។

សម្រាប់គម្រោងនោះ មិនត្រឹមតែបង្កើនភាពទាក់ទាញបែបលក្ខណៈធម្មជាតិដល់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែក៏បានចូលរួមយ៉ាងសំខាន់ក្នុងការលើកតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរតាមរយៈការរក្សាបាននូវភាពឆ្លុះបញ្ចាំងគ្នាទៅវិញទៅមករវាងប្រាសាទ ធម្មជាតិ និងសហគមន៍មនុស្ស។

កូនឈើដែលនឹងត្រូវដាំលម្អតាមដងផ្លូវនេះមានចំនួនជាង ១០០០ដើម ជាកូនឈើធ្នង់ដែលជាប្រភេទឈើប្រណិតដែលប្រជាជនខ្មែរទូទៅនិយមចូលចិត្ត។ ការដាំកូនឈើឡើងវិញតាមដងផ្លូវនាពេលនេះ ក៏ស្របគ្នានឹងអាជ្ញាធរជាតិអប្សរាទើបធ្វើការជួសជុល និងកែលម្អផ្លូវនេះជាថ្មីដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តខេត្តសៀមរាប។

ជាមួយគ្នានេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងទីធ្លាមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាក៏នឹងធ្វើការដាំដើមក្រវ៉ាន់និងដើមឈើប្រភេទផ្សេងមួយចំនួនទៀតនៅតាមដងផ្លូវមុខប្រាសាទអង្គរវត្តដែលជាច្រកចូលចំបងសម្រាប់ទៅទស្សនាប្រាសាទអង្គរវត្តដែរ៕