
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថា រយៈពេលដ៏ខ្លីខាងមុខនេះ កម្ពុជាអាចនឹងមានព្យុះ គិតចាប់ពីថ្ងៃទី ០៣ ដល់ទី ០៩ ខែកញ្ញា ដោយបណ្តាខេត្ត-ក្រុងនានា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចេញនូវ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៩ បាន បញ្ជាក់ថា នឹងមានព្យុះនាពេលដ៏ខ្លីខាងមុខ ដោយសារការកកើតឡើងនូវវិសម្ពាធ (TD) រហូតដល់ទៅ ២ នៅក្នុងសមុទ្រចិនខាងត្បូង ធ្វើឲ្យបណ្ដាខេត្តក្រុងនានា នឹងអាចមានភ្លៀងធ្លាក់រាយ ប៉ាយពីមធ្យមទៅច្រើន។ ដោយសេចក្ដីជូនដំណឹងបានបញ្ជាក់ថា៖
– កម្ពុជា បាននឹងកំពុងទទួលរងនូវជ្រលង នៃប្រព័ន្ធសម្ពាធទាប (ITZC) ដែលអូសបន្ទាយលើប្រទេសថៃ ឡាវ និងវៀតណាម ។
– ការកកើតឡើងនូវវិសម្ពាធ (TD) រហូតដល់ទៅ២ នៅក្នុងសមុទ្រចិនខាងត្បូង ដែលអាចបំប្លែងខ្លួនទៅជាព្យុះនាពេលដ៏ខ្លីខាងមុខ។
១ ស្ថានភាពបែបនេះ នឹងធ្វើឲ្យចាប់ពីថ្ងៃទី ០៣-០៩ ខែកញ្ញា បណ្ដាខេត្ត-ក្រុងនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅ ច្រើន ក្នុងនោះមាន ៖ ជួរភ្នំដងរែក និងខ្ពង់រាបឦសានដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាមនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្ករ ។ ចាប់ពីថ្ងៃទី ០៤-០៩ខែកញ្ញា បរិមាណភ្លៀងកាន់តែកើនឡើងក្នុងកម្រិតពីបង្គួរទៅច្រើន ។
២- បណ្តាខេត្តនៅជាប់មាត់សមុទ្រពិសេសខេត្តកោះកុង នឹងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើន ។ ផ្ទៃសមុទ្រមានខ្យល់ និងរលកខ្លាំងពិសេសក្នុងថ្ងៃ០៤-០៧ ខែកញ្ញា ។
៣- បណ្តាខេត្តនៅភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិច ទៅបង្គរ ។
សេចក្តីជូនដំណឹងក្រសួងធនធានទឹកបានអំពាវនាវឲ្យសាធារណជនត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទឹកជំនន់ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្របោកបក់ខ្លាំង ៕