
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្ដមបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) ដែលត្រូវគេចាត់ទុកថាជានាយករដ្ឋមន្ត្រីមានវ័យច្រើនជាងគេក្នុងពិភពលោក ពេលនេះបានមកដល់ប្រទេសកម្ពុជា យើងហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចនេះ គឺជាការតបតាមការអញ្ជើញ របស់សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ។ អញ្ជើញទទួលដំណើរ មកដល់របស់គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសម៉ាឡេស៊ី នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញមានវត្តមាន ឯកឧត្ដម អូស្មាន់ ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីអ្នមុខអ្នការជាច្រើនរូបទៀត។
បើតាមកម្មវិធីដែលបានគ្រោងទុកបានឲ្យដឹងថា ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡាស៊ី នឹងអញ្ជើញធ្វើបឋកថាពិសេសនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលជួបសំដែងការគួរសម ដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ឯកឧត្ដម មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
ជាមួយនេះដែរ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមាន ផលប្រយោជន៍រួមផងដែរ។ បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កា នៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការ របស់ឯកឧត្ដម មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ឡេស៊ី នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ៕