ស្ថានភាពទឹកទន្លេមេគង្គហក់ឡើងដល់កម្រិតដែលត្រូវប្រុងប្រយ័ត្នហេីយ

ភ្នំពេញ​៖​ ខ្យល់លាយឡំជាមួយភ្លៀងប៉ុន្មានថ្ងៃនេះបានធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គហក់ឡើងដល់កម្រិតដែលចាត់ទុកត្រូវមាន​ ការប្រុងប្រយ័ត្នហើយ។ នេះបើតាមសេចក្តីជូនដំណឹងបញ្ជាក់បន្ថែមស្តីពីស្ថានភាព​ទឹកទន្លេមេគង្គ​របស់ ក្រសួង ធនធានទឹក និងឧតុនិយម ប្រកាស់ល្ងាចថ្ងៃចន្ទ​ ទី០២​ ខែ​កញ្ញា​ ឆ្នាំ​២០១៩ នេះ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា មូលហេតុនៃការហក់ឡើងនេះដោយសារ​ ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែល​ លាតសន្ធឹងភាគខាងលើកាត់ប្រទេសថៃ ឡាវ និងវៀតណាម​ ភ្ជាប់ទៅដោយឥទ្ធិពល​ នៃវិសម្ពាធ និងព្យុះទី ១៣ ឈ្មោះ លីងលីង ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនក្នុងអាងទន្លេមេគង្គ ក៏ដូចជានៅកម្ពុជាយើង ដែលជាហេតុ​ បណ្តាលឲ្យទឹកទន្លេក្នុងទឹកដីកម្ពុជាយើងហក់ឡើងជាបន្តបន្ទាប់ ឆ្ពោះទៅដល់កម្រិតដែលចាត់ទុកត្រូវមានការប្រុងប្រយ័ត្ន។


ក្នុងនោះ៖
​-ស្ថានីយជលសាស្រ្តស្ទឹងត្រែង ទឹកនឹងឡើងដល់កម្ពស់ ១១,១០ m នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ ។
– ស្ថានីយជលសាស្រ្តក្រចេះ ទឹកនឹងឡើងដល់កំពស់ ៦១,៧០ m នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៩ ។
– ស្ថានីយជលសាស្ត្រកំពង់ចាម ទឹកនឹងឡើងដល់កម្ពស់ ១៤,៣០ m នៅថ្ងៃទី ០៧ ខែកញ្ញា ២០១៩ ។
-ស្ថានីយជលសាស្ត្រចតុមុខ (ភ្នំពេញ) ទឹក​ នឹងឡើងដល់កម្ពស់ ៨,៤៥ ៣ នៅថ្ងៃទី ០៨-០៩ ខែកញ្ញា ឆ្នាំ ២០១៩ ។

ក្រុម​អ្នក​ព្យាករ​ក្រសួងធនធានទឹក​ ក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ទាំងអាជ្ញាធរ​ ដែនដី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ ៕