ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា ទើបតែមកដល់ប្រទេសកម្ពុជា

ភ្នំពេញ: ឯកអគ្គរាជទូតជប៉ុនថ្មីឈ្មោះ កាមិ ម៉ាសាហ៊ីរ៉ូ ដែលទើបតែងតាំងពីរដ្ឋាភិបាលជប៉ុន បានមកដល់ប្រទេសកម្ពុជា ដើម្បីជំនួសលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនចាស់ដែលទើបតែចប់អាណត្តិ និងមានប្រជាប្រិយភាព បន្ទាប់ពីលោកបានបំពេញការងារអស់រយៈពេលជាង ៣ឆ្នាំកន្លងមកនេះ។

តាមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា ឯកអគ្គរាជទូតជប៉ុនថ្មីទើបតែមកដល់ប្រទេសកម្ពុជាហើយ៖«ជម្រាបសួរ! ខ្ញុំបាទ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ខ្ញុំទើបតែមកដល់ ប្រទេសកម្ពុជាកាលពីម្សិលមិញ។

ស្ថានទូតជប៉ុនបន្តថា៖«ខ្ញុំមានកិត្តិយស និងសប្បាយរីករាយយ៉ាងក្រៃលែង បានមកកាន់ប្រទេសកម្ពុជាដែលជាមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុន និងជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយលោក លោកស្រី ក្មួយៗ និងទស្សនាទីកន្លែងនានានៅប្រទេសកម្ពុជា»។

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ទើបចប់អាណត្តិ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានបង្ហាញនូវក្តីរំភើបចំពោះមុខឯកអគ្គរាជទូត អគ្គរដ្ឋទូតមន្ត្រីទូតរួមទាំងមន្ត្រីរាជរដ្ឋាភិបាល ដោយលោកបានបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំ ដែលលោក និងភរិយាបានមកបំពេញការងារការទូតនៅកម្ពុជា គឺជាពេលវេលាដ៏វិសេសវិសាល សម្រាប់លោក ដែលបានឃើញពីភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសគឺទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។

លោកបញ្ជាក់ថា ប្រទេសជប៉ុន បាននឹងកំពុងចូលរួមចំណែក ក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈដែលរដ្ឋាភិបាលជប៉ុនបានបន្តផ្តល់ជំនួយដល់កំណែទម្រង់ការបោះឆ្នោត។ ទន្ទឹមនោះក៏បានចាប់ផ្តើមកម្មវិធីអញ្ជើញយុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍ផ្នែកនយោបាយមកពីស្ថាប័ននានាទៅស្វែងយល់ពីបទពិសោធន៍នៅប្រទេសជប៉ុនថែមទៀត៕