
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសជាថ្មីថា សំណង់ដែលគ្មានគុណភាពចំនួន ១៤កន្លែង ត្រូវតែរុះរើចេញមានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ បានពិនិត្យឃើញថា សំណង់ទាំងនេះមិនមានគុណភាព។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុជូនចំពោះម្ចាស់សំណង់ខាងលើ ធ្វើឡើងក្នុងកិច្ចប្រជុំអំពីការសាងសង់សំណង់នានាក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីម្ចាស់សំណង់ ឬតំណាង និងម្ចាស់ទីតាំងជួលដីចំនួន១៤ ទីតាំងដែលគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ បានពិនិត្យឃើញថា សំណង់ទាំងនេះមិនមានគុណភាព។
លោក គួច ចំរើន បានសង្កត់ធ្ងន់ថា «ម្ចាស់សំណង់ទាំងអស់សូមកុំព្យាយាមដើរកការអន្តរាគមន៍ណាមួយ ដើម្បីរក្សាសំណង់ខុសច្បាប់ទាំងនោះឡើយ មិនទទួលជោគជ័យ»។
លោក ឡៅ ទិព្វសីហា បានលើកឡើងថា កន្លងមកក្នុងចំណោមសំណង់ទាំង ១៤នេះ មានតែម្ចាស់សំណង់ ៤ប៉ុណ្ណោះ ដែលបាននិងកំពុងរុះរើសំណង់ មិនមានគុណភាពរបស់ខ្លួន ដោយឡែកសំណង់ ១០ទីតាំងទៀត នៅមិនទាន់មានសកម្មភាពនៅឡើយ ដូចនេះសូមម្ចាស់សំណង់គោរពទៅតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តដោយធ្វើការរុះរើបន្ទាន់ បើមិន ដូច្នេះទេនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់។
លោកបានបញ្ជាក់ថា បន្ទាប់ពីបានរុះរើហើយ អាជ្ញាធរព្រមទាំងមន្ត្រីជំនាញនឹងជួយសម្រួលការគូរប្លង់ ពិនិត្យលក្ខណៈបច្ចេកទេស រួមទាំងចេញលិខិតអនុញ្ញាតសាងសង់ឡើងវិញឲ្យបានឆាប់ជូនម្ចាស់សំណង់៕