
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីល្ងាចថ្ងៃទី ០៤ ខែកញ្ញា នេះ បានប្តេជ្ញាចិត្តបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវចង់បាន របស់ប្រជាពលរដ្ឋ។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជួបពិភាក្សាការងារ ជាមួយគណ:ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ និងសមាជិក សមាជិកាគណៈកម្មការទី ៧ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានឲ្យដឹងថា ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង សិក្សាឈ្វេងយល់ពីស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញ និងប្រមូលព័ត៌មានមួយ ចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ នានា លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
អភិបាលរាជធានីភ្នំពេញ ខាងលើក៏បានជម្រាបជូន គណៈប្រតិភូរដ្ឋសភាឲ្យដឹងថា ការបង្កើនប្រសិទ្ធភាពនៃការ ផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋគឺជាយន្ត ការអាទិភាពស្របតាមតម្រូវការចង់ បានរបស់ប្រជាពលរដ្ឋ ខណៈដែរក្រុមបដិសណ្ឋារកិច្ចនៅតាមសង្កាត់នេះ នឹងបំពេញ តួនាទីជំនួសឲ្យចៅ សង្កាត់ដែលអាចផ្តល់សេវាភ្លាមៗជាបន្ទាន់ជូនប្រជាពល រដ្ឋដែលមកទទួលសេវា។
លោក ឃួង ស្រេង បញ្ជាក់ថា រដ្ឋបាលរាជធានីនឹងអញ្ជើញក្រុមការងារបដិសណ្ឋារកិច្ចមកបណ្តុះបណ្តាលបន្ថែម ដើម្បីឱ្យគាត់យល់ពីកិច្ចការងារ របស់គាត់ ក្នុងការទទួល និងផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅរាជធានីភ្នំពេញនាពេលនេះ ជារាជធានី/ខេត្តលើកទី២៤ ហើយដែលគណៈកម្មការចុះសិក្សាឈ្វេងយល់ និងដកបទពិសោធន៍ និងបញ្ហា ប្រឈមនានា សម្រាប់យកទៅដោះស្រាយក្នុងកិច្ចប្រជុំរដ្ឋសភា៕