
ព្រះវិហារ៖ ផ្លូវបេតុងឡើងភ្នំអានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី ០៥ខែ កញ្ញា ឆ្នាំ ២០១៩ ត្រូវបានជំនន់ទឹកភ្លៀងធ្វើការបំផ្លាញ់ធ្វើឲ្យកន្លែងខ្លះត្រូវបានខូចខាត និងបាក់ស្រុតធ្វើដំណើរមិនកើត។ នេះ បើតាមសេចក្តីរាយការណ៍បឋម ចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ផ្លូវបេតុងឡើងភ្នំអានសេះ ដែលរង់ការបំផ្លាញ់ដោយជំនន់ទឹកភ្លៀងនោះ មានប្រវែង ១២០ម ទទឹង ៩ម ចាប់ពីគ.ម ២+០០០ ដល់ ២+១២០ ក្រោយមានភ្លៀងធ្លាក់ខ្លាំងចំនួន ០៤ ថ្ងៃជាប់ៗគ្នា។ បច្ចុប្បន្ន ក្រសួង និងភាគីពាក់ពន្ធ័កំពុងតែយកចិត្តទុកដាក់ក្នុងកិច្ចការជួសជុលឡើងវិញនៅកំណាត់ផ្លូវដែលរងការខូចខាតនេះ ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃនេះប្រទេសកម្ពុជា បានទទួលរងឥទ្ធិពលព្យុះជាប់ៗគ្នា ធ្វើឲ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ឥតឈប់ឈរ ដែលកំពុងគំរាមគំហែងដល់ផ្លូវមួយចំនួននៅក្នុងប្រទេសកម្ពុជា អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ឲ្យបានខ្ពស់៕