កូនខ្មែរវ័យក្មេងម្នាក់ទៀតបានបញ្ចប់ការសិក្សាផ្នែកអាកាសយានិកពីសហរដ្ឋអាមេរិក

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ គេឃើញមានកូនខ្មែរវ័យក្មេងៗជាច្រើនទទួលបានជោគជ័យក្នុងបេសសកម្មរបស់ពួកគេតាមរយៈទេពកោសល្យរៀងៗខ្លួនជាបន្ដបន្ទាប់ប៉ុន្ដែខណៈនេះមានកូនខ្មែរម្នាក់ទៀតបានបញ្ចប់ការសិក្សាផ្នែកអាកាសយានិកធុន Airbus A320 ពីសាលា Aerostar Training Services LLC ពីប្រទេសមហាអំណាចសហរដ្ឋអាមេរិក។

យុវជន លឹម រាជ្ជត្ដា អាយុត្រឹម២០ឆ្នាំដែលបានបញ្ជប់ការសិក្សាផ្នែកអាកាសយានិកធុន Airbus A320 ពីសាលា Aerostar Training Services LLC ពីសហរដ្ឋអាមេរិកបានថ្លែងប្រាប់ The Plus News នៅថ្ងៃទី ០៧ កញ្ញានេះថា លោកពិតជាបានបញ្ចប់ការសិក្សាផ្នែកមុខវិជ្ជាអាកាសយានិក (Pilot) ពិតប្រាកដមែន។ ដោយលោកចាត់ទុក Pilot ជាមុខវិជ្ជាដែលមនុស្សជាច្រើនចង់យល់ដឹង និងចង់រៀន ប៉ុន្តែពួកគាត់គិតថាខ្លួនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីសិក្សាពីវា។

លោកបញ្ជាក់ថា៖«មិននឹកស្មានថា ក្ដីស្រមៃខ្ញុំក្លាយជាការពិត វាបានពីការតស៊ូ ព្យាយាម ខិតខំប្រឹងប្រែងរបស់ខ្ញុំ បានសម្រេចក្ដីសុបិន្តក្លាយជាអាកាសយានិកមួយរូប។ ទាំងខ្ញុំ និងម៉ាក់ ប៉ាខ្ញុំ មិននឹកស្មានថា ខ្ញុំអាចសម្រេចបាននូវគោលដៅនេះ។

លោកបន្ថែមថា ប៉ុន្តែការគាំទ្រ និងការផ្គត់ផ្គង់ពីគ្រួសារ និងការយោគយល់ពីសាលារៀន គ្រូបង្រៀន និងមិត្តភក្ដិ អាចឲ្យខ្ញុំបញ្ចប់ការសិក្សា និងទទួលបានសញ្ញាប័ត្រដែលទទួលស្គាល់ពី Federal Aviation Administration របស់សហរដ្ឋអាមេរិកជា Commercial Multi Engine Pilot ។ ការសិក្សា នេះមិនអាចសម្រេចទៅរួច បើមិនមានការផ្គត់ផ្គង់ថវិកា និងការលើកទឹកចិត្តពីម្តាយឪពុកខ្ញុំនោះ»។

យុវជនរូបនេះបានលើកទឹកចិត្តដល់យុវជនដទៃទៀតថា ការសិក្សានេះគឺត្រូវមានការធ្វើតេស (Test Oral/Written) រាល់មេរៀន ហើយតេសទាំងនេះ គឺដើម្បីវាស់សមត្ថភាពក្នុងការចងចាំ និងស្មារតីរហ័សរហួន (Reflex) របស់បេក្ខជននីមួយៗ។ ទោះជាមានរបួសពីមុនមក ឬមានបញ្ហាភ្នែកក៏ដោយ វាមិនមែនឧបសគ្គឡើយ សំខាន់គឺសុខភាពល្អ ហើយមានគោលដៅ និងឆន្ទៈច្បាស់លាស់ ដូច្នេះសូមយុវជនខ្មែរមួយចំនួនទៀត កុំទាន់អស់សង្ឃឹម៕