
ភ្នំពេញ៖ លោក ហេង ឡុង អ្នកជំនួញ និងជាអ្នកលេងហ្វេសប៊ុកល្បីឈ្មោះ និងលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ម្ចាស់ក្រុមហ៊ុន ឡេងណាវ៉ាត់ត្រា គ្រោងដាក់ពាក្យបណ្តឹងប្ដឹងពលករខ្មែរម្នាក់ដែលធ្វើការនៅប្រទេសកូរ៉េ ដោយចោទថា ពលកររូបនេះ បានលួចថតសកម្មភាពរាំច្រៀងរបស់ពួកគេនៅព្រលានយន្តហោះកូឡាឡាំពួដោយគ្មានការអនុញ្ញាត និងការប្រើពាក្យសំដីមិនសមរម្យមកលើពួកខ្លួន។
លោក ហេង ឡុង សរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ១៣កញ្ញានេះបានឲ្យដឹងថា៖«ចំប៉ីខ្មៅ ដៀលខ្មែរត្រូវតុលាការកាត់ទោសដាក់គុក១ឆ្នាំ។ បើប្អូនប្រុសនេះមិនត្រូវបានអនុវត្តច្បាប់ មិនយុត្តិធម៌សម្រាប់ចំប៉ីខ្មៅទេ។ ច្បាប់ គួររឹតបន្តឹងទៅលើបុគ្គលគ្រប់រូបដែលដៀលពូជខ្មែរ និងព្រះមហាក្សក្យ»។
លោកបន្តថា៖«ពួកយើងជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅក្រុមបង្កដែលបានលួចថតវីដេអូ ដោយគ្មានការអនុញ្ញាត និងជេរប្រមាថលើសិល្បករខ្មែរ នៅប៉ុស្តិ៍ប៉ូលីសនៅប្រទេសកូរ៉េរួចរាល់ហើយ។ ទន្ទឹមគ្នានេះដែរ មេធាវីយើងក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងនៅប្រទេសខ្មែរដែរ ដើម្បីការពារតំលៃខ្មែរទូទៅដែលត្រូវបានពួកនេះដៀលពូជ»។
ទន្ទឹមនឹងមានការចម្រូងចម្រាស់ពាក្យសំដីនេះ បុរសដែលរងការចោទប្រកាន់នោះបានចេញមុខបកស្រាយលើបណ្ដាញហ្វេសប៊ុកមួយឈ្មោះ Bun Hoeun Sanh ដោយអះអាងថា ខ្លួនជាអ្នកថត និងបង្ហោះវីដេអូនោះ ហើយលោកបានបកស្រាយក្រោយពីផ្ទុះការរិះគន់។
ក្នុងវីឌីអូនោះបានលើកឡើងថា ក្នុងនាមពួកគេជាបុគ្គលគំរូ ពោលគឺជាតារាសម្ដែង និងរាំច្រៀង គួរបញ្ចេញសកម្មភាព ឬការសម្ដែងបង្កប់ក្នុងន័យអប់រំ លើកតម្កើងសីល៌ធម៌ វប្បធម៌ និងជាបុគ្គលដែលប្រជាពលរដ្ឋទូទៅចាំឃ្លាំមើល និងយកតម្រាប់តាម។
លោកបន្តថា ក្រុមតារាសម្ដែងទាំងនោះ បាននាំគ្នារាំច្រៀងគ្មានការអៀនខ្មាស់នៅក្នុងព្រលានយន្តហោះកូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី ប៉ុន្ដែខណៈនោះលោកបានទៅប្រាប់កុំឲ្យមានសកម្មភាពរាំច្រៀងមិនសមរម្យនៅប្រទេសម៉ាឡេស៊ីបែបនេះ ពួកគេបែរជាខឹងសម្បាររូបគេទៅវិញ។
ការប៉ះទង្គិចគ្នានេះ ខណៈដែលលោក ឡេង ណាវ៉ាត់ត្រា ជាឧកញ៉ាវ័យក្មេងម្ចាស់ផលិតកម្ម Galaxy ដែលកំពុងមានប្រជាប្រិយភាពលើវិស័យជំនួញ បានរៀបចំកម្មវិធីតន្ត្រីមួយនៅប្រទេសកូរ៉េ ដើម្បីឲ្យពលករខ្មែរនៅទីនោះបានរាំលេងសប្បាយមុនឱកាសបុណ្យភ្ជុំបិណ្ឌ។
លោកបានដឹកនាំតារាប្រុសស្រីល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប ក្នុងនោះមានដូចជា កំពូលតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ និងកូនប្រុសទាំងបីនាក់, លោក ខេម, កញ្ញា អ៊ីវ៉ា, លោក ប៉ែន ចំរុង, ក្រុមចចកសមុទ្រ, លោក គូម៉ា និងតារាល្បីៗផ្សេងរូបទៀត៕