
ភ្នំពេញ៖ លោក មាស រិទ្ធី និពន្ធនាយកផ្នែកព័ត៌មាន និងជាអ្នកអត្ថាធិប្បាយព័ត៌មានសង្គមនៅស្ថានីយ៍ទូរទស្សន៍ហង្សមាស និងអ្នកសារព័ត៌មានជើងចាស់ចំនួន ១៦រូបទៀត ត្រូវបានសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទីបានចេញព្រះរាជក្រឹត្យមួយតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មានបន្ថែម ខណៈអ្នកសារព័ត៌មានជើងចាស់ ២រូបទៀត តែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។
តាមព្រះរាជក្រឹត្យចុះថ្ងៃទី ១៤ ខែកញ្ញា ដែលចុះហត្ថលេខាដោយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ប្រមុខរដ្ឋស្តីទី បានឲ្យដឹងថា៖ លោក មាស រិទ្ធី និងអ្នកសារព័ត៌មានជើងចាស់ ១៦រូបផ្សេងទៀតនោះ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មានដែលមានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ និងអគ្គនាយក។
រីឯអ្នកសារព័ត៌មានជើងចាស់លោក ឆាយ សុផល និងលោក នុត បូផាន់ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។
កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងព័ត៌មានចំនួន ១០៦រូបផងដែរ។ ដូច្នេះសរុបមកទីប្រឹក្សាក្រសួងព័ត៌មានបច្ចុប្បន្នមានចំនួន១២៣រូប៕