
កណ្ដាល៖ បន្ទាប់ពីធ្វើប្រព្រឹត្តិការណ៍ទាញយកទាញយកសាឡង់ដឹកខ្សាច់ ដែលបានបុក កឿងជាប់សសរកណ្តាលស្ពានព្រែកតាមាក់អស់រយៈពេលជាច្រើនថ្ងៃមិនសម្រេច ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បានសម្រេចទុកចោលសិន ដោយរង់ចាំទឹកស្រកទើបចាត់វិធានការថ្មីបន្តទៀត។
តាមសេចក្តីប្រកាស សាឡង់ដឹកខ្សាច់ ដែលបានបុកគាបជាប់សសរស្ពានព្រែកតាមាក់ តាំងពីថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នឹងត្រូវទុកចោល នៅកន្លែងទន្លេ ដោយសារតែកម្លាំងទឹកហូរខ្លាំងពេក ហើយទាញគ្រប់មធ្យោបាយទាំងក្នុងទឹក និងទាំងលើគោក នៅតែមិនចេញ។ នេះបើតាមសេចក្តីប្រកាស កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩។
សម្រាប់ការងារទាញយកសាឡង់កន្លងមក ក្រសួងបានប្រើប្រាស់នាវាសណ្តោង ៣ គ្រឿង ដោយមាននាវាកំពង់ផែស្វយ័តភ្នំពេញចំនួន ២ គ្រឿង និងនាវាក្រុមហ៊ុន Sovereign ចំនួន ១ គ្រឿង រួមជាមួយនាវាបូមខ្សាច់មួយគ្រឿងទៀត ដើម្បីសម្រាលបន្ទុកនាវា ប៉ុន្តែដោយសារសាឡង់ដឹកខ្សាច់នោះមានទម្ងន់ធ្ងន់ពេក រួមជាមួយនឹង កម្លាំងទឹកហូរគួចខ្លាំងទើបធ្វើឲ្យការទាញយកមិនបានសម្រេច។
សូមជម្រាបឡើងវិញថា៖ កាលពីថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៣ និង៣០នាទី រសៀល នៅចំណុចភូមិសាស្ត្រ ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីសាឡង់ដឹកខ្សាច់មួយគ្រឿង បើកបរដោយឈ្មោះ ភា រម្យ ភេទប្រុស អាយុ ៣៩ ឆ្នាំ រួមដំណើរដោយប្រពន្ធ និងកូនធ្វើដំណើរតាមបណ្តោយខ្សែទឹកពីត្បូងទៅជើង បានបើកបុកសសរស្ពានទី ៨ នៃស្ពានព្រែកតាមាក់ ទើរជាប់នឹងសរសេរ (ស្ថិតនៅចន្លោះសសរស្ពានសម្រាប់ធ្វើនាវាចរណ៍) ដោយសារបើកគេចពីនាវាទេសចរណ៍មួយគ្រឿងទៀតមានផ្ទុកមនុស្សច្រើនបើកបញ្ជ្រាសទិសគ្នាពីត្បូងទៅជើង ហើយត្រូវបានជួយសង្គ្រោះដោយទូកនេសាទរបស់បងប្អូនខ្មែរឥស្លាម។
ចំពោះ សាឡង់ដឹកខ្សាច់នោះពាក់ផ្លាកលេខ ភព៦. ៨២៦៣ សំបកដែក ម៉ាស៊ីនម៉ាក Mitsubishi មានបណ្តោយ ប្រវែង ៤៣.៣០ម៉ែត្រ ទទឹង៨.០៥ ម៉ែត្រ ជម្រៅផ្ទុកខ្សាច់ពេញ ២.៥០ម៉ែត្រ តាមការប៉ាន់ស្មានមានទម្ងន់ សរុបប្រហែល៨០០តោន ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ង៉ូវ ចាន់ណា បានចុះបញ្ជីការនៅក្រសួងសាធារណការ និងដឹកជញ្ជូននៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០៕