បុរសម្នាក់ក្នុងចំណោម ០២នាក់ ដែលបាត់ខ្លួនក្នុងករណីបាក់ដីភ្នំនៅស្រុកសំឡូត បានរកឃើញនៅមានជីវិត

ខេត្តបាត់ដំបង៖ កម្លាំងយោធាកម្ពុជា និងថៃសហការណ៍គ្នា បានធ្វើការរុករកឃើញជនរងគ្រោះម្នាក់ក្នុងចំណោម២ នាក់ដែលបានបាត់ខ្លួនពីការរត់គេចទឹកជំនន់បាក់ដីភ្នំកាលពីថ្ងៃទី១៥ និង១៦ ខែកញ្ញាកន្លងទៅនេះ ក្នុងទឹកដីប្រទេសថៃចម្ងាយជិត១គីឡូម៉ែត្រពីទឹកដីប្រទេសកម្ពុជា។

តាមការឲ្យដឹងពីសមត្ថកិច្ចថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងករណីជំនន់ទឹកភ្លៀងបានច្រោះដាច់បាក់ដីភ្នំធ្វើឲ្យមនុស្ស ២នាក់បាត់ខ្លួន ភ្លាមៗនោះសមត្ថកិច្ចជំនាញទាំងពីរប្រទេសកម្ពុជា និងថៃបានសហការគ្នារុករករហូតនៅរសៀលថ្ងៃទី១៩ ខែកញ្ញានេះ បានរកឃើញជនរងគ្រោះម្នាក់ដែលនៅរស់រានមានជីវិត ខណ:ដែលជនរងគ្រោះទាំងពីររត់ភៀសខ្លួននៅជិតអូរមួយកន្លែង ស្ថិតក្នុងទឹកដីថៃ ដែលចំងាយប្រមាណជិត ១គីឡូម៉ែត្រពីទឹកដីកម្ពុជា។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ ឆាង កុយ ភេទប្រុស អាយុ២៧ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុក្រុមរបស់ខ្លួនមានគ្នា៦នាក់ បានដើរមើលអន្ទាក់សត្វក៍ប្រទះឃើញជ្រូកព្រៃមួយក្បាលនឹងបានសម្លាប់វះកាត់ច្រកថង់ លុះក្រោយមកក៏ស្រាប់តែមានហេតុការណ៍បាក់ដីភ្នំធ្លាក់ឡើងមកធ្វើឲ្យពួកគេរត់បែកផ្លូវគ្នាអស់មិនដឹងទៅដល់ទីកន្លែងណាខ្លះនោះទេ។

សមត្ថកិច្ចថា ជនរងគ្រោះចំនួន០៦នាក់នៅក្នុងហេតុការណ៍បាក់ដីភ្នំកាលពីប៉ុន្មានថ្ងៃកន្លងទៅ ក្នុងនោះមាន ៤នាក់បានរត់គេចរួចខ្លួន និង២នាក់ បានបាត់ខ្លួន ប៉ុន្ដែនៅរសៀលថ្ងៃទី១៩នេះត្រូវបានរកឃើញម្នាក់ និងបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយឡែកជនរងគ្រោះម្នាក់ទៀតដែលកំពុងបាត់ខ្លួន កម្លាំងសមត្ថកិច្ចជំនាញទាំងពីរប្រទេសកំពុងសហការណ៍គ្នា ដើម្បីបន្តរុករកទៀត៕