មន្ត្រីកសិកម្មខេត្តកំពង់ស្ពឺកើតទុក្ខមិនសុខចិត្តរឿងគេលួចលក់ដីអង្គភាព៤កន្លែង

កំពង់ស្ពឺ៖ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១៩កញ្ញានេះ បានកើតទុក្ខមិនសុខចិត្តក្រោយធ្លាយព័ត៌មានថា មានគេកំពុងរត់ការលួចលក់ទីតាំងមន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើខេត្តក្នុងរូបភាពដោះដូរជាមួយក្រុមហ៊ុនឯកជនមួយ។

ការភ្ញាក់ផ្អើលនេះ ខណៈមានបុគ្គលមួយចំនួនបានដើរទទួលលុយកក់ពីក្រុមអ្នកទិញក្នុងខេត្តកំពង់ស្ពឺ និងមានអ្នកពីចម្ងាយរាប់សិបម៉ឺនដុល្លារ ដោយសន្យាកាត់ដីរដ្ឋមកឲ្យអ្នកទិញស្របច្បាប់ នាពេលដ៏ខ្លីខាងមុខ ហើយដីដែលគេគ្រោងលក់នោះ មានដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដីចំការប្រេងខ្យល់ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ដីសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង ក្នុងភូមិផ្គង់ ស្រុកសំរោងទង រួមទាំងដីរបស់មន្ទីរកសិកម្ម ដែលគិតជាទឹកលុយរាប់លានដុល្លារ។

ការបែកធ្លាយរឿងលក់ដីរបស់រដ្ឋជាច្រើនកន្លែងនេះ ហើយគ្មានអ្នកណាម្នាក់ដឹងសោះនោះ បានធ្វើឲ្យមន្ត្រីកសិកម្ម និងមន្ត្រីរដ្ឋបាលព្រៃឈើ មានការហួសចិត្តយ៉ាងខ្លាំងរហូតប្រកាសនាំគ្មាតវ៉ាដល់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

តាម Fresh News ដែលបានដកស្រង់សំដីពួកគាត់នៅថ្ងៃទី ១៩កញ្ញានេះថា៖«វាដូចជាហួសហេតុពេក នៅស្ងាត់ៗមានមនុស្សរត់ការកាត់ដីរដ្ឋលក់ ដោយដើរបង្ខំឲ្យមន្ត្រីចូលរួមផ្តិតមេដៃ និងសហការរួមគំនិតលក់ ដោយស្ងាត់បំផុតបែបនេះ មិនតែប៉ុន្តែប៉ុណ្ណោះ ថែមទាំងបានទទួលលុយកក់រាប់សិបម៉ឺនដុល្លារ ពីអ្នកទិញមិនឲ្យមន្ត្រីណាម្នាក់ដឹងឡើយ»។

ពួកគាត់បន្តថា ដីដែលគេកំពុងត្រៀមរត់ការលក់ទាំងអស់មាន ចំនួន៤កន្លែងរួមមាន៖ ទី១-ដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ទី២-ដីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើផ្គង់ ទី៣-ដីចំការប្រេងខ្យល់ព្រៃផ្តៅ និងទី៤-ដីមន្ទីរកសិកម្មមួយផ្នែក (បានទទួលលុយកក់មួយចំនួនហើយ) សរុបតម្លៃរាប់លានដុល្លារ ដែលមានក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ជាអ្នកដេញថ្លៃ។

មន្ត្រីខាងលើមួយចំនួន បានលើកឡើងដោយសង្កត់ធ្ងន់ថា ដីទាំងនោះបើសិនជាលក់មានតម្លៃរាប់សិបលានដុល្លារឯណោះ ដែលទាមទាត្រូវបង្កើតឲ្យមានគណៈកម្មាធិការត្រឹមត្រូវ ប្រជុំវាយតម្លៃ ព្រមទាំងមានការយល់ព្រមពីមន្ត្រីបម្រើក្នុងអង្គភាពគ្រប់គ្រងដីទាំងនោះជាមុន មិនគួរមករៀបចំលក់ដោយគ្មានការពិភាក្សាគ្នាបែបនេះឡើយ។

Fresh News ក៏បានដកស្រង់សំដីលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺថា លោកទទួលស្គាល់ពិត ជាមានការជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី ការអភិវឌ្ឍន៍នៅនឹងកន្លែងដោយកាត់យកដីមន្ទីរកសិកម្ម ទំហំ ១០ហិតា១៤៩ម៉ែត្រការ៉េ ស្ថិតក្នុងភូមិចំការដូង ផ្លូវជាតិលេខ៤៤ ក្រុងច្បារមន។ លោកបន្តថា ការលក់-ទិញរវាងក្រុមហ៊ុន និងក្រុមខាងណា លោកមិនបានដឹងនោះទេ ហើយការលក់ទិញនោះទុកឲ្យច្បាប់ជាអ្នកកំណត់ទៅចុះ៕