
កណ្ដាល៖ សាឡង់ដឹកខ្សាច់ដែលបុកគឿងជាប់សសរស្ពានព្រែកតាមាក់កាលពីពេលកន្លងទៅ ត្រូវបានក្រុមការងារបច្ចេកទេសអូសចេញពីសសរស្ពានបានដោយជោគជ័យហើយ គិតត្រឹមម៉ោងជិត ១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែកញ្ញានេះ បន្ទាប់ពីស្ថានភាពទឹកស្រកទៅវិញប្រមាណជាង ២ម៉ែត្រ។
មន្រីដែលជាក្រុមប្រតិបត្តិការបានឲ្យដឹងថា បន្ទាប់ពីបូមទឹកចេញក្នុងសាឡង់តាំងពីព្រឹក រហូតមកដល់ម៉ោងនេះ ទើបក្រុមការងារបច្ចេកទេស សម្រេចអូសទាញចេញបានតែម្ដង។ ដោយឡែកសសរស្ពាននោះ មិនមានប៉ះពាល់ពាល់អ្វីនោះទេ ខណៈសាឡង់ដែលបុក ក៏មានកំប៉ិតនៅផ្នែកតួខ្លួនចំនួនផងដែរ។
ក្រោយកើតហេតុភ្លាមៗកាលពីថ្ងៃទី៧ ខែកញ្ញាកន្លងទៅ ក្រុមការងារបច្ចេកទេស ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធដឹកនាំដោយទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញប្រតិបត្តិការអូសទាញយ៉ាងសស្រាក់សស្រាំ ប៉ុន្ដែមិនទទួលបានជោគជ័យទេ ដោយសារតែទឹកឡើង ហើយមានល្បឿងហូរខ្លាំង។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលបានថ្លែងពីសប្ដាហ៍មុនថា សាឡង់ដឹកខ្សាច់ ១ គ្រឿង របស់លោក ចាន់ ណា បានជួបឧបទ្ទវហេតុរលត់ម៉ាស៊ីន ខណៈកំពុងធ្វើដំណើរស្របតាមបណ្ដោយខ្សែទឹក មកប្រកៀកនឹងស្ពានព្រែកតាមាក់កាលពីល្ងាចថ្ងៃអាទិត្យ ហើយត្រូវបានទឹកហូរកួចទៅប៉ះទង្គិចសសរស្ពានបណ្ដាលឲ្យកឿងជាប់លើខឿនសសរស្ពានតែម្ដង។ ប៉ុន្តែក្នុងហេតុការណ៍នោះ ពុំបានបង្កឲ្យនាវិកណាម្នាក់នៅក្នុងសាឡង់នោះរងរបួស ឬគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។
គួរបញ្ជាក់ថា ស្ពានព្រែកតាមាក់មានប្រវែងសរុប ១០៦០ ម៉ែត្រ និងទទឹងប្រវែង ១៣,៥ ម៉ែត្រជាមួយនឹងល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង។ ការសាងសង់ស្ពាននេះ ចំណាយថវិកាប្រមាណ ៤៣,៥ លានដុល្លារក្រោមជំនួយប្រាក់កម្ចីរបស់ប្រទេសចិន និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១០កន្លងទៅនេះ៕