
ក្រោយពីធ្វើការជួសជុលរហាត់ទឹកដែលបន្សល់ទុកតាំងពីសង្គម ពេលនេះអាជ្ញាធរជាតិអប្សរាបានរៀបចំពិធីប្រុងពលីដើម្បីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សាតំបន់អង្គរក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ឲ្យរួចផុតពីហានីភ័យសម្រាប់ទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ។
តាមប្រសាសន៍ឯកឧត្តម យិត ចាន់ដារដ្ឋ បានឲ្យដឹងថា គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ គឺជាសមិទ្ធិផលទី ២ បន្ទាប់ពីរហាត់ទឹកដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត សៀង ចាន់ហេង ដែលបានរួមចំណែកក្នុងការជួសជុលបេតិកភណ្ឌជាមួយអាជ្ញាធរជាតិអប្សរា។
ពិធីប្រុងពលីនោះធ្វើឡើងកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប ព្រះសម្មទ្ធប្បកាសនីបណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រី បុគ្គលិកជាច្រើនរូបនៃអាជ្ញាធរជាតិអប្សរា។
សូមបញ្ជាក់ដែរថា ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ សតវត្សទី១២ ជាតំណាងឲ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្នប្រាសាទនេះបានរងការបាក់បែកជាខ្លាំងដោយសារកត្តាធម្មជាតិ ហើយដើម្បីលើកតម្លៃប្រវត្តិសាស្ត្រ សំណង់ប្រាសាទ និងទេសភាពវប្បធម៌នៃស្រះស្រង់ឡើងវិញនោះ អាជ្ញាធរជាតិអប្សរានិងវិស័យឯកជនបានរួមដៃគ្នាជួសជុលប្រាសាទនេះឡើងវិញ។
ដំណើរការជួសជុល គ្រោងនឹងចាប់ផ្តើមឡើងនៅរដូវប្រាំង ព្រោះទឹករីង ងាយស្រួលក្នុងការធ្វើកំណាយស្រាវជ្រាវ និងជួសជុល។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរានឹងធ្វើការសិក្សាលម្អិតទាក់ទងនឹងប្រាសាទ រួមទាំងផ្នែកបុរាណវិទ្យា ហើយឆ្លងយោបល់ក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលនឹងប្រព្រឹត្តិទៅនាខែធ្នូខាងមុខនេះ ទើបដំណើរការជួសជុលបាន៕