
ខេត្តតាកែវ៖ បេក្ខជននិទ្ទេស A ម្នាក់ ក្នុងចំណោមសិស្សនិទ្ទេស A ជាង ៤០០នាក់ផ្សេងទៀត ឈ្មោះ ស៊ាង វ៉ាន់ថង សិស្សវិទ្យាល័យសុខ អាន ទន្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ ដែលរស់នៅក្នុងគ្រួសារក្រីក្រ និងមានម្តាយជាស្ត្រីមេម៉ាយ ខណៈបច្ចុប្បន្នប្រកបមុខរបរដើររកអេតចាយលក់ ដើម្បីឲ្យកូនស្រីបានបន្តការសិក្សា និងខំប្រឹងរៀនសូត្រប្រឡងបាក់ឌុបឆ្នាំ២០១៩ នេះជាប់បាននិទ្ទេស A។
បន្ទាប់ពីយុវតីរូបនេះទទួលបាននិទ្ទេស A លោកឧញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនកាណូតលឿន ជី.ធី.វី.ស៊ី ស្ពីដបូត បាននាំយកម៉ូតូសេរីថ្មីមួយគ្រឿង និងថវិកាចំនួន ៤លានរៀលបន្ថែមទៀតទៅឧបត្ថម្ភដល់ប្អូនស្រីសិស្សពូកែរូបនេះ ដែលខំប្រឹងរៀនសូត្រប្រឡងបាក់ឌុបឆ្នាំ២០១៩នេះជាប់បាននិទ្ទេស A។
កន្លងមកមហាជនតែងតែមើលឃើញតាមបណ្ដាញសង្គមហ្វេសប៊ុកថា លោកឧកញ៉ាតែងតែធ្វើអំពើសប្បុរសធម៌ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតទីទាល់ក្រ ជាហេតុធ្វើឲ្យលោកទទួលបានការគោរពស្រលាញ់ខ្លាំងពីមហាជន ហើយថ្មីៗនេះទៀតសោធ លោកឧកញ៉ាបានលើកទឹកចិត្ត និងជួយដល់សិស្សក្រីក្រដែលមានម្តាយជាស្ត្រីមេម៉ាយ និងមានប្រកបមុខរបរជាអ្នកដើររកអេតចាយ នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះផ្តល់ជូនជាការលើកទឹកចិត្តចំពោះការខិតខំរៀនសូត្ររបស់ប្អូនស្រី និងជួយដល់ជីវភាពរស់នៅរបស់គ្រួសារក្មួយស្រីដែលកំព្រាឪពុក រស់នៅជាមួយម្តាយមេម៉ាយក្រីក្រ តស៊ូចិញ្ចឹមកូនឲ្យរៀនសូត្រទាំងជីវភាពលំបាក។
ក្នុងនោះ ក្រុមគ្រួសារក្មេងស្រីរូបនេះ បានថ្លែងអំណរគុណចំពោះអំពើសប្បុរសធម៍របស់លោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសាររបស់លោកឧកញ៉ា ដែលបានជួយឧបត្ថម្ភម៉ូតូថ្មីមួយគ្រឿង និងបន្ថែមប្រាក់៤លានរៀលទៀត និងបានគោរពជូនពរលោកឧកញ៉ាព្រមទាំងគ្រួសារឲ្យមានសុខភាពល្អបរិបូណ៍៕