អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការលើសកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង នៅបរិវេណកសិន្ធុ

សៀមរាប៖ ប្រាសាទអង្គរវត្ត ការដាក់​ឱសានវាទ​បញ្ឈប់​សកម្មភាព​លក់ដូ​រ ក្រាលកន្ទេល អង្រឹង បើក​គ្រឿង​បំពង​សម្លេងខ្លាំងៗ និង​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បាន​ចូល​មកដល់​នៅត្រឹម​ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ ដូច្នេះ​ដើម្បី​លើកកម្ពស់​បរិស្ថាន​ស្អាត សោភ័ណភាព​ស្រស់បំព្រង ក៏ដូចជា​លើក​តម្លៃ​ភាពជា​សក្ការៈ​ដ៏​ឧត្តុង្គឧត្តម​នៃ​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា អង្គភាព​នគរបាល​ពាក់​ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​បង្កើត​ក្រុមការងារ​ចម្រុះ​ធ្វើការ​អប់រំ​ណែនាំ​ផ្ទាល់​នៅ​ទីកន្លែង​ចាប់ពី​ថ្ងៃ០២ រហូតដល់​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។

ទីតាំង​ដែល​ក្រុមការងារ​ចម្រុះ​អនុវត្ត​ការងារ​របស់ខ្លួន​មានដូចជា ជុំវិញ​បរិវេណ​ត្រពាំង​សេស ប្រាសាទព្រហ្មកិល និង​តាម​ដងផ្លូវ​កៅស៊ូ​នៃ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត។ ក្នុងករណី​ហួស​កាលបរិច្ឆេទ​អប់រំ​ណែនាំ ហើយ​សកម្មភាព​លក់ដូ​រ ក្រាលកន្ទេល អង្រឹង បើក​គ្រឿង​បំពង​សម្លេងខ្លាំងៗ និង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​នៅតែ​បន្ត នោះ​ក្រុមការងារ​ចម្រុះ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ចាំបាច់​នានា។

ជាថ្មី​ម្តងទៀត អាជ្ញាធរ​ជាតិ​អប្សរា​សូម​អំពាវនាវ​ឱ្យមាន​ការចូល​រួមសហកា​រ​បញ្ឈប់​សកម្មភាព​ល​ក់​ដូរ ក្រាលកន្ទេល អង្រឹង បើក​គ្រឿង​បំពង​សម្លេងខ្លាំងៗ និង​ការ​ទទួលទាន​គ្រឿង​ស្រវឹង នៅលើ​វាលស្មៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ឱ្យបាន​ជាដាច់ខាត​ចាប់ពីពេលនេះ​តទៅ៕