អង្គការប្រទេសស្វីសមួយជួយសង្គ្រោះ ស្ត្រីមេម៉ាយ កុមារកំព្រា និងជនទីទាល់ក្រ

កំពង់ឆ្នាំង: អង្គការមួយដែលទទួលមូលនិធិពីសប្បុរសជននៅប្រទេសស្វីសបានដាក់ឈ្មោះថា តុកកែញញឹម (Smilling Gecko) បាននិងកំពុងជួយ ជនងាយរកគ្រោះ កុមារកំព្រា ស្ត្រីមេម៉ាយ ទីទាល់ក្រនៅក្នុងតំបន់តាមរយ:ផ្តល់ការអប់រំកម្រិតបឋមសិក្សា បណ្តុះបណ្តាលជំនាញសម្រាប់លំនឹងជីវិតដូចជា ការចិញ្ចឹមត្រី ចិញ្ចឹមមាន់ ជ្រូក ការដាំបន្លែ ការធ្វើបដិសណ្ឋារកិច្ច។

តាមហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា លោកបានដឹកនាំសហការីទៅពិនិត្យកសិដ្ឋានវារីវប្បកម្ម ចិញ្ចឹមមាន់ ជ្រូក និងសិប្បកម្មឫស្សីរបស់អង្គការ Smilling Gecko (តុកកែញញឹម) នៅភូមិស្រែសារ ឃុំត្បែងខ្ពង់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក ង៉ុន សុខលាភ អ្នកគ្រប់គ្រងមជ្ឈមណ្ឌលនៃអង្គការ Smilling Gecko (តុកកែញញឹម) បានឲ្យដឹងថា អង្គការឈ្មោះ “តុកកែញញឹម” ជាអង្គការក្រៅរដ្ឋាភិបាលបានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយទទួលបានមូលនិធិពីអង្គការសប្បុរសជននៅប្រទេសស្វីស។

លោកបន្តថា អង្គការបានបង្កើតឡើងក្នុងគោលបំណងជួយដល់ជនងាយរកគ្រោះ កុមារកំព្រា ស្ត្រីមេម៉ាយ ទីទាល់ក្រនៅក្នុងតំបន់នេះ ឬតំបន់ឆ្ងាយតាមរយ:ផ្តល់ការអប់រំកម្រិតបឋមសិក្សា បណ្តុះបណ្តាលជំនាញសម្រាប់លំនឹងជីវិតដូចជា ការចិញ្ចឹមត្រី ចិញ្ចឹមមាន់ ជ្រូក ការដាំបន្លែ ការធ្វើបដិសណ្ឋារកិច្ច។ល។ អង្គការក៏មានផ្តល់អាហារ មធ្យោយបាយដឹកជញ្ជូនក្មេងពីផ្ទះមកសាលា និងផ្ទះស្នាក់នៅដែរ។

លោកបន្តថា នៅលើផ្ទៃដីជាង ១០០ហិចតា អង្គការបានសាងសង់ហេដ្ឋារចនាសម្ធ័ន្ធផ្លូវថ្នល់ ផ្ទះបាយ អគាររដ្ឋបាល អគារស្នាក់នៅ រោងជាង សួនបន្លែ កសិដ្ឋានចិញ្ចឹមមាន់ ស្រះចិញ្ចឹមត្រី កន្លែងភ្ញាស់កូនត្រី និងផ្ទះសំណាក់។ល។ ផលិតកម្មកសិកម្មទាំងអស់នេះ និងសេវាកម្មផ្សេងៗ ដើម្បីរកចំណូលមកផ្គត់ផ្គង់ត្រឡប់មកមជ្ឈមណ្ឌលវិញ។

លោក អ៊ុំ សុខដេត និងភរិយាដែលមកពីតំបន់អនាធិបតេយ្យលូទឹកបឹងត្របែក ហើយមករស់នៅទីនេះបានឲ្យដឹងថា លោកបានមកតាំងទីលំនៅនៅក្នុងមជ្ឈមណ្ឌលជាង២ឆ្នាំហើយ ដោយទទួលបានដីនិងសង់ផ្ទះស្នាក់នៅ ឧបត្ថម្ភសត្វមាន់ និងជ្រូកចិញ្ចឹម ដាំបន្លែជុំវិញផ្ទះ ហើយអង្គការទទួលទិញវិញជាមធ្យមក្នុង ១ខែអាចរកចំណូលបានពី ៣០០-៤០០ដុល្លារ កូនតូចៗបានចូលរៀនក្នុងមជ្ឈមណ្ឌលដោយគ្មានបង់ប្រាក់។

ក្រោយពីដើទស្សនៈកិច្ចជុំវិញបរិវេទអង្គការ លោករដ្ឋមន្ត្រីបានគាំទ្រ និងផ្តល់កិច្ចហការគ្រប់បែបយ៉ាង ចំពោះវិស័យកសិកម្ម ធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលនេះបន្តដំណើរទៅមុខយ៉ាងរឹងមាំប្រកបដោយចីរភាព និងនិរន្តរភាព។ ឆ្លៀតយកឲ្យកាសនេះ លោកបានអំពាវនាវឲ្យអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត មកសិក្សាររៀនសូត្រ ដកស្រង់បទពិសោធន៍នៅទីនេះទាំងការគ្រប់គ្រង ដឹកនាំ រៀបចំ ដើម្បីផ្តល់ឱកាសដល់ជនងាយរងគ្រោះចាប់ផ្តើមកសាងជីវិតឡើងវិញ៕