
ភ្នំពេញ៖ ក្រោយមានការរិះគន់ក្រោយ រដ្ឋាភិបាលកម្ពុជាបានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់រៀលគំរូថ្មី មានរូប វិមានឈ្នះ ឈ្នះ ភ្លាមៗនោះ លោក ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះបានចាត់ទុកក្រុមអ្នករិះគន់នោះ ជាល្អងធូលី ដែលបានខ្យល់ បក់មួយភ្លេតហើយ បាត់ទៅវិញគ្មានស្រមោល ខណៈវិមានឈ្នះ ឈ្នះត្រូវបានចាត់ទុកជានិមិត្ត សញ្ញាដ៏ធំមួយសម្រាប់ប្រទេសជាតិ និងជាសំណង់ដែលតំណាងឲ្យសន្តិភាពហើយនោះ។ថ្លែងក្នុងសន្និសីទ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៩ នេះ លោក ណឹម សុវត្ថិ បានលើកឡើងថា៖ «វាគ្មានអ្វីចំឡែកនោះទេ ដែលក្រុមអ្នកប្រឆាំងបានធ្វើ ការរិះគន់នូវសមិទ្ធដែលរាជរដ្ឋាភិបាល ខិតខំធ្វើ និងកសាងមក ហើយមួយវិញទៀត ក្រុមទាំងនោះ ក៏ពួកគេកំពុងសប្បាយនិងដកដង្ហើមនៅក្រោមម្លប់សន្តិភាពនាពេលបច្ចុប្បន្ននេះដែរ»។
លោក ណឹម សុវត្ថិ ក៏បានអំពាវនាវដល់ប្រជា ពលរដ្ឋក៏ដូចជា ក្រុមអ្នករិះគន់ទាំងនោះត្រូវពិនិត្យឲ្យបានច្បាស់នូវខ្លឹមសារនៃការសាងសង់នូវ វិមានឈ្នះ ឈ្នះនេះ ដោយឯកឧត្តម បានលើកឡើងថា ការស្ថាបនាវិមាន ឈ្នះ ឈ្នះនេះ មានគោលដៅសំខាន់ចំនួន ៥ដូចជាទី១៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។
ទី២៖ គោរព និងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិត របស់មគ្គុទ្ទេសក៍ ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល ដោយគ្មានការបង្ហូរឈាម ដែលនាំមកនូវវិបុលភាព និងសន្តិភាពដល់ប្រទេសកម្ពុជា។
ទី៣៖ បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រ ដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឱ្យបន្តការសិក្សា និងទទួលការយល់ដឹង ពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជា និងបន្តអនុវត្តគោលនយោបាយឈ្នះ ឈ្នះរបស់តេជោសែន និងគុណតម្លៃក្នុងការធ្វើសមាហរណកម្ម ក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។
ទី៤៖ បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាបទសិល្បៈ និមិត្តរូប និមិត្តសញ្ញាចម្លាក់នានា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់ បានឈ្វេងយល់។ និងទី៥៖ បង្កើតគោលដៅ ទេសចរណ៍មួយ នៅទីក្រុងភ្នំពេញ ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ក៏ដូចជាគោដៅ សម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា៕