ក្រសួងការងារបើកឲ្យជនបរទេសអាចបើកប្រកបមុខរបរខ្នាតតូចៗឡើងវិញ

ភ្នំពេញ: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យជនបរទេស ដែលមករស់នៅក្នុងប្រទេសកម្ពុជា អាចធ្វើសកម្មភាពបើកមុខរបរខ្នាតតូច និងការងារមួយចំនួនឡើងវិញ ដើម្បីលើកទឹកចិត្តដល់ការវិនយោគនៅកម្ពុជា ខណៈក្រសួងធ្លាប់ហាមជនបរទេសប្រកបមុខរបរខ្នាតតូចដែលជាការដណ្តើមទីផ្សារការងាររបស់ពលរដ្ឋខ្មែរ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី ៥តុលានេះបានឲ្យដឹងថា យោងតម្រូវការកម្លាំងពលកម្មជំនាញនៃជនបរទេសក្នុងវិស័យសេវាកម្ម និងដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្នុងប្រទេសកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឡើងវិញនូវគ្រប់សកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស។

ការអនុញ្ញាតឡើងវិញនេះ បន្ទាប់ពីក្រសួងការងារបានហាមមិនឲ្យជនបរទេសប្រកបការងារចំនួន ១០មុខនៅកម្ពុជា ក្នុងនោះមាន ប៉ះកង់ ម៉ាស្សា លក់ឥវ៉ាន់ចាបហ៊ួយ និងមុខរបរមួយចំនួនទៀត។ ដោយលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានភ្នំពេញប៉ុស្តិ៍ ដកស្រង់សំដីកាលពីថ្ងៃទី ១៧កក្កដាថា សេចក្តីប្រកាសដែលនឹងកំណត់អំពីការងារដែលត្រូវហាមសម្រាប់ជនបរទេសនេះ អាចនឹងប្រកាសឲ្យអនុវត្តនៅក្នុងសប្តាហ៍ទី ២ នៃខែ សីហា ខាងមុខ ខណៈដែលលោកបញ្ជាក់ពីគោលដៅក្នុងការបង្កើតច្បាប់នេះ គឺដើម្បីការពារនូវមុខរបរ អាជីវកម្មខ្នាតតូច ឬជាលក្ខណៈគ្រួសារ សម្រាប់ទុកឲ្យប្រជាពលរដ្ឋរស់នៅមូលដ្ឋាន។

លោកបញ្ជាក់ថា ក្នុងប្រទេសនីមួយៗ គឺមានការតាក់តែងលិខិតបទដ្ឋានគតិយុត្តស្របទៅតាមបច្ចុប្បន្នភាពនៃតម្រូវការជាក់ស្តែងតាមកាលៈទេសៈនីមួយៗ ដែលបណ្តាប្រទេសមួយចំនួន ក៏មានការកំណត់នូវលក្ខខណ្ឌ ឬក៏ហាមជនបរទេសមិនឲ្យប្រកបមុខរបរ ឬក៏ធ្វើការងារអាជីវកម្មខ្នាតតូចឬជាលក្ខណៈគ្រួសារ។

លោក ហេង សួរ បានបញ្ជាក់ថា ប្រកាសនេះ មានគោលដៅហាមជនបរទេស មិនឱ្យធ្វើសកម្មភាពស្វ័យនិយោជលើប្រភេទមុខរបរ និងការងារ មួយចំនួនដូចជា បើកបរយានយន្តតាក់ស៊ី ម៉ូតូកង់បី ម៉ូតូឌុប លក់ដូរតាមផ្លូវ ឬតាមរទេះរុញ កាត់សក់ ចែកចាយផលិតផល និងអាជីវកម្មខ្នាតតូច ខណៈការងារមួយចំនួនទៀត ដូចជាតំណែងជាប្រធានផ្នែកធនធានមនុស្ស ឬបុគ្គលិកនៅក្នុងសហគ្រាស គ្រឹះស្ថានឯកជន ក៏នឹងអាចត្រូវហាមឃាត់ផងដែរ៕