
ភ្នំពេញ៖ និស្សិតស្រីផ្នែកអក្សរសាស្ត្រខ្មែរ កញ្ញា ឆែ ដានី បានប្រកាសស្វែងរកជំនួយ ដើម្បីសង្គ្រោះជីវិត ពីជំងឺ ខួរឆ្អឹងខ្នងឈប់ផលិតគ្រាប់ឈាម ដែលត្រូវការចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីព្យាបាលនៅប្រទេសវៀតណាម។តាមរយៈសារមួយដែលត្រូវបានបង្ហោះដោយមិត្តភ័កក្តិរបស់នាងបានរៀបរាប់ថា សំណៅដើមរបស់កញ្ញា ឆែ ដានី យ៉ាងដូច្នេះថា៖ “នេះប្រហែលជាក្តីសង្ឃឹមចុងក្រោយរបស់នាងខ្ញុំហើយ។ គ្រួសារនាងខ្ញុំពុំមានលទ្ធភាពដើម្បីបន្តព្យាបាលជម្ងឺនាងខ្ញុំទេ តែខ្ញុំនៅមានសង្ឃឹមថា បង ប្អូន មិត្តភក្តិ នឹងអាចជួយចូលរួមតាមលទ្ធភាពដែលអាចជួយបាន ដើម្បីឲ្យខ្ញុំអាចបង្រៀនដូចដើម និងធ្វើការងារស្ម័គ្រចិត្តដើម្បីយុវជន និងសង្គមជាតិបន្តទៀត។ខ្ញុំមិនអាចសរសេរបានច្រើនទេ ញ័រដៃណាស់ មានតែអរគុណទុកជាមុនសម្រាប់ទឹកចិត្តបរិច្ចាគជួយនាងខ្ញុំ។ សូមជូនពរឲ្យមានសុខភាពល្អ មានសុភមង្គល រកទទួលទានមានបាន និងជួបតែពរ ៤ ប្រការ” ដោយប្រភពដដែលបានបន្តថា សូមបងប្អូនមេត្តាជួយតាមលទ្ធភាព ចូលរួមជួយជិវិតនាងផងទំនាក់ទំនងបរិច្ចាក។
បច្ចុប្បន្ននេះ នារីខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយការសម្រាកព្យាបាលនេះប្រើរយៈពេលអស់ ២ ខែហើយក្រុមគ្រូពេទ្យបានព្យាបាលដោយប្រើថ្នាំចាក់អស់រយៈពេល ៣ សប្តាហ៍ប៉ុន្តែខួរឆ្អឹងនៅតែមិនដំណើរការ។ ខ្ទង់ចំណាយប្រហែលត្រូវអស់ដល់ទៅ ៥ ម៉ឺនដុល្លារអាមេរិក ដោយក្រុមគ្រូពេទ្យបានផ្តល់ជម្រើសចំនួន ២ ក្នុងការព្យាបាល ទី១ ការផ្សាំបណ្តុះខួរឆ្អឹងដែលទទួលបានការបរិច្ចាគពីបងប្អូនបង្កើត ឱកាសក្នុងការសះស្បើយ ៨០ភាគរយ ក្រោមការចំណាយខ្ទង់ ៥ម៉ឺនដុល្លារ និងទី ២ ប្រើប្រាស់ថ្នាំចាក់ប្រភេទផ្សេងៗ ឱកាសជាមាន៦០ភាគរយតែត្រូវសម្រាកនៅមន្ទីរពេទ្យ ៦ ខែ ត្រូវចំណាយប្រហាក់ប្រហែលនឹងជម្រើសទី ១។ អាស្រ័យហេតុនេះ ប្រសិនបើប្រិយមិត្តអ្នកអាន ធ្លាប់បានស្គាល់រូបនាង និងមានចិត្តចង់ជួយសូមមេត្តា ជួយតាមលទ្ធភាពជាក់ស្ដែង៕