
ភ្នំពេញ៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាជ្ញាធររាជធានីភ្នំពេញ បានប្រជុំគ្នាសិក្សាគម្រោងស្ថាបនាផ្លូវក្រោមដីថ្មីចំនួន ២ ខ្សែបន្ថែមទៀត ស្ថិតក្រោមផ្លូវសហព័ន្ធរុស្ស៊ី ម្តុំមុខវិស្ថានភាសាបរទេស និងម្តុំក្តាន់ ២ ខណៈដែរតំបន់ទាំង ២ នេះកំពុងតែឈមការកកស្ទះចរាចរណ៍ជាប្រចាំស្ទើជារៀងរាល់ថ្ងៃ។
ក្នុងកិច្ចប្រជុំស្តីពីការរៀបចំធ្វើផ្លូវក្រោមដីជាមួយក្រុមអ្នកជំនាញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការស្ថាបនាផ្លូវក្រោមដីនេះ គឺជាយន្តការ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាលក្ខណៈយូរអង្វែរ ដែលជួយសម្រួលដល់ការចេញចូល របស់សិស្សនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ផងដែរ ខណៈដែរផ្លូវសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ននេះមានសា្ថនភាពចរាចរណ៍មម៉ាញញឹកខ្លាំង ដែលប្រឈមការកកស្ទះចរាចរណ៍និងរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

«ក្នុងការកកស្ទះចរាចរណ៍នេះយើងដឹងហើយថា ក្នុងរាជធានីភ្នំពេញនៅតាមផ្លូវរបស់ យើងគឺបាត់បង់ចិញ្ចើមផ្លូវ ដោយត្រូវរៀបចំចិញ្ចើញផ្លូវឡើងវិញ ដើម្បីឲ្យមានការធ្វើដំណើរតាម ចិញ្ចើញផ្លូវនេះបានល្អប្រសើរ ហើយការចតយានយន្តនៅតាមដងផ្លូវត្រូវតែមានរបៀបរៀបរយ នេះជាកិច្ចការងារមួយដែលត្រូវប្រឹងប្រែង ចឹងហើយបានជាយើងត្រូវសិក្សាបញ្ហានេះមួយដូចជា សិក្សាផ្លូវក្រោយដីនៅ ផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវក្រោមដីត្រង់ចំណុចក្តាន់២ គម្រោងផ្លូវអែ១០ អែ ៤ នៅតំបន់បឹងកក់ និងគម្រោងកែលម្អផ្លូវថ្មើជើងនៅមហាវិថីម៉ៅសេទុង»។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងថា ចំពោះគម្រោង ស្ថាបនាផ្លូវក្រោមដីត្រង់មុខវិទ្យាស្ថានភាសាបរទេសគឺរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ២៦១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសាបរទេសម្តង់ដែលបង្កលក្ខណៈងាយស្រួលដល់ និស្សិតបានចេញចូលមិនប្រឈមនឹងការកកស្ទះឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។ លោកបានបន្ថែមថា ចំណែកនៅតំបន់ក្តាន់ពីរវិញ ផ្លូវក្រោមដីនេះក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីផងដែរដោយភ្ជាប់ពីផ្លូវ១៦៩ឆ្ពោះផ្លូវបឹងកក ដើម្បីរំការកក់ស្ទះចរាចរណ៍នៅ តំបន់នេះ៕