យុវជនសំរាមអំពាវនាវឲ្យពលរដ្ឋខ្មែរងាកមកប្រើទុយោបឺតតាមវិធីងាយៗពីស្មៅ ដើម្បីបរិស្ថាន

ភ្នំពេញ៖ ដោយការតាំងចិត្ដចង់ជួយលើកិច្ចការពារបរិស្ថានលោក សាន តារាវិត តំណាងយុវជនសំរាមអំពាវនាវឲ្យពលរដ្ឋខ្មែរងាកមកប្រើប្រាស់ទុយោបឺតតាមវិធីងាយៗពីស្មៅព្រៃម្យ៉ាងដែលស្រដៀងប្លុក ដើម្បីជំនួសទុយោប្លាស្ទិកដែលនាំឲ្យមានការបំពុលបរិស្ថានកាន់តែខ្លាំង។

លោក សាន តារាវិត បានថ្លែងថា បច្ចុប្បន្ននេះ ពិភពលោកកំពុងតែប្រើប្រាស់វិធីសាស្រ្តជាច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកច្រើនហួសប្រមាណ ប៉ុន្ដែក្រុមយុវជនសំរាមបាននឹកឃើញដល់ស្មៅម្យ៉ាងដែលអាចយកមកធ្វើជាបំពង់បឺត ជំនួសឲ្យទុយោប្លាស្ទិកដែលនាំឲ្យបំពុលបរិស្ថាន។

លោកបន្តថា ក្រុមលោកកំពុងមមាញឹកក្នុងការផលិត ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយថ្មីៗនេះយុវជនសំរាមក៏បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពដំណើរការនៃការធ្វើបំពង់បឺតធម្មជាតិរបស់ខ្លួន។«ពួកខ្ញុំសូមជំរុញ ក៏ដូចជាសូមអំពាវនាវឲ្យពលរដ្ឋខ្មែរយើងងាកមកប្រើទុយោដែលធ្វើពីស្មៅសម្រាប់បឺតភេសជ្ជៈនានាវិញ ព្រោះយើងចង់កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីលើកកម្ពស់បរិស្ថានស្រុកយើង»។

ក្រុមរបស់លោកបានធ្វើការពិសោធសម្ភារប្លែកៗជាច្រើនដូចជា ដើមត្រកួន និងឫស្សីជាដើម។ រុក្ខជាតិវត្ថុធាតុដើមទាំងអស់នេះមានការលំបាកប្រើប្រាស់ដោយវាងាយរលួយពេក ខណៈឫស្សីមានតម្លៃថ្លៃជ្រុលដែលធ្វើឲ្យលោកមិនអាចលក់ក្នុងតម្លៃទាបបាន។

លោកថា បំពង់បឺត (ទុយោ) ធ្វើពីដើមស្មៅ គេអាចជំនួសវាដោយទុយោផ្លាស្ទិចបាន តម្លៃធូរថ្លៃ ចាប់ផ្ដើមមាននៅប្រទេសកម្ពុជាហើយ។ សំរាមប្លាស្ទិចកើនឡើងកាន់តែច្រើនឡើងៗដល់ពេលអ្នកទាំងអស់គ្នា ដូរមកប្រើប្រាស់ផលិតផលដែលធ្វើពីធម្មជាតិវិញ ហើយវាសមស្របសម្រាប់អជីវកម្មហាងកាហ្វេ ភោជនីយដ្ឋាន អជីវករភេសជ្ជៈតាមផ្លូវ ដំណើរកំសាន្តទេសចរណ៍ជាក្រុមផងដែរ។

ដោយបំពង់បឺតធម្មជាតិនេះក្រុមយុវជនសំរាមបានយកដើមបបោស និងដើមត្រែងមកច្នៃប្រើជំនួសបំពង់បឺតប្លាស្ទិកបានក្នុងមួយគុម្ពអាចកាត់បានជិត ៥០ បំពង់បឺត។ ដោយតម្លៃមួយប្រអប់ ៥០០០៛ មាន ២៥ដើម ទុកបាន កន្លះខែ ទៅមួយខែ លោកអ្នកអាចធ្វើការលាងសំអាតក្រោយពេលប្រើប្រាស់រួច។ ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍អាចទំនាក់ទំនងតាមរយៈលេខ 069 216 085៕