សាលារាជធានីភ្នំពេញគ្រោងបង្កើតផ្លូវក្រោមដី ២ ខ្សែទៀតនៅផ្លូវសហព័ន្ធរុស្ស៊ី និងនៅម្តុំក្តាន់ ២

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គម្រោងស្ថាបនាផ្លូវក្រោមដីចំនួនពីរកន្លែងផ្សេងទៀត ទី១ នៅម្តុំមុខវិទ្យាស្ថានភាសាបរទេស (IFL) និងទី២ នៅម្តុំក្តាន់ ២ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ បើទោះបីជាអាជ្ញាធរបានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីបានមួយចំនួនក៏ដោយ។

ការលើកឡើងនេះ ក្នុងកិច្ចពិភាក្សាលើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌ ៥ កណ្ដាលរាជធានីភ្នំពេញ ដើម្បីសិក្សាប្រព័ន្ធលំហូរចរាចរណ៍ក្នុងក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

លោក ឃួង ស្រេង បានថ្លែងនៅថ្ងៃទី ១៧ ខែតុលានេះថា គម្រោងស្ថាបនាផ្លូវក្រោមដីនេះ គឺជាយន្តការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជាលក្ខណៈយូរអង្វែរ ដែលជួយសម្រួលដល់ការចេញ-ចូលរបស់សិស្សនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។
លោកបន្តថា ខណៈផ្លូវសហព័ន្ធរុស្ស៊ីនាពេលនេះ មានសា្ថនភាពចរាចរណ៍មមារញញឹកដែលប្រឈមការកកស្ទះចរាចរ និង រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ«យើងដឹងហើយថា ក្នុងរាជធានីភ្នំពេញនៅតាមផ្លូវរបស់យើង គឺបាត់បង់ចិញ្ចើមផ្លូវ ដោយត្រូវរៀបចំចិញ្ចើញផ្លូវឡើងវិញ ដើម្បីឲ្យមានការធ្វើដំណើរតាមចិញ្ចើញផ្លូវនេះបានល្អប្រសើរ»។

លោកបន្ថែមថា ការចតយានយន្តនៅតាមដងផ្លូវត្រូវតែមានរបៀបរៀបរយ នេះជាកិច្ចការងារមួយដែលត្រូវប្រឹងប្រែង។ ដូច្នេះ អាជ្ញាធរត្រូវសិក្សាបញ្ហានេះមួយដូចជា សិក្សាផ្លូវក្រោមដីនៅផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវក្រោមដីត្រង់ចំណុចក្តាន់។

លោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវក្រោមដីត្រង់មុខវិទ្យាស្ថានភាសាបរទេស (IFL) គឺរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ ២៦១ ឆ្ពោះចូលទៅក្នុងវិទ្យាស្ថានភាសាបរទេសនោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់និស្សិតបានចេញចូលមិនប្រឈមនឹងការកកស្ទះ ឬ គ្រោះថ្នាក់ចរាចរណ៍។

លោកបន្តថា ចំពោះផ្លូវក្រោមដីនៅម្តុំក្តាន់២នោះ ក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីដែរ ដោយតភ្ជាប់ពីផ្លូវ ១៦៩ឆ្ពោះផ្លូវបឹងកក ដើម្បីរំដោះការកកស្ទះចរាចរណ៍ដែលវាតែងតែកើតឡើងជារៀងរាល់ថ្ងៃនេះ៕