
ភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាល បានប្រកាសថា នឹងគ្រោងយកសួនច្បារសាធារណៈក្នុងរាជធានីភ្នំពេញសាងសង់ជាចំណតក្រោមដី ៣ ទៅ ៤ ជាន់ ដើម្បីសម្រួលដល់ការបញ្ហាកក់ស្ទះចរាចរណ៍ ដែលបណ្ដាលមកពីកង្វះចំណត់ និងការចតគ្មានសណ្ដាប់ធ្នាប់។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ សម្តេចតេជោបានសង្កត់ធ្ងន់ថា បញ្ហាចរាចរណ៍ដោយសារតែរថយន្តមួយចំនួនបានចតឥតសណ្តាប់ធ្នាប់នៅតាមដងផ្លូវបានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ សម្តេចតេជោ បានកំពុងតែឲ្យក្រុមការងារធ្វើការសិក្សានៅតាមសួនច្បារមួយចំនួន រួមទាំងសួនច្បារសម្តេច ហ៊ុន សែន ផងដែរ ដោយប្រគល់ឲ្យវិស័យឯកជនវិនិយោគឲ្យធ្វើការជីករូងក្រោមដី ៣–៤ ជាន់ ដើម្បីធ្វើចំណតឡានក្រោមដី តែមិនអនុញ្ញាតឲ្យធ្វើនៅសួនច្បារមុខព្រះបរមរាជវាំងនោះទេ។សម្តេចតេជោ បានបន្ថែមទៀតថា សួនច្បារមួយចំនួន ដែលអាចធ្វើបាន គឺត្រូវតែធ្វើ ដើម្បីមានកន្លែងទៅចតឡាន បើមិនអញ្ចឹងទេចតឡានពេញចិញ្ចើមផ្លូវ បង្កបញ្ហាកកស្ទះ ហើយបង្កគ្រោះថ្នាក់ដល់អ្នកថ្មើរជើងផងដែរ៕