
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Panasonic បានធ្វើការប្រគល់រង្វាន់អាហារូបករណ៍ ដល់និស្សិតកម្ពុជា លើជំនាញពាណិជ្ជកម្ម និងវិស្វកម្មនៅគ្រិះស្ថានឧត្តមសិក្សាចំនួន ២ ក្នុងរាជធានីភ្នំពេញ។
លោក Maresuke Nagatoshi នាយកគ្រប់គ្រងក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា Panasonic គឺជាក្រុមហ៊ុនឈានមុខគេខាងផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិត លើបេសកកម្មជួយធ្វើឲ្យជីវិតកាន់តែប្រសើរ ចំពោះប្រជាជននៅអាស៊ីប៉ាស៊ីហ្វិក និងជុំវិញពិភពលោក។ ទិសដៅ Panasonic ធ្វើឲ្យអាជីវកម្ម មានលក្ខណៈថ្មី ការផ្លាស់ប្ដូរគំរូអាជីវកម្ម និងបង្កើនសមត្ថភាព ដើម្បីក្លាយជាក្រុមហ៊ុនដែលដើរទាន់សម័យកាលក្នុងជីវិតរស់នៅ។
លោកបន្តថា ចាប់តាំងពីចាប់ពីឆ្នាំ ១៩១៨ ក្រុមហ៊ុន Panasonic មិនត្រឹមតែគិតគូពីសុខុមាលភាពរបស់អ្នកពាក់ព័ន្ធប៉ុណ្ណោះទេ សូម្បីតែក្នុងសហគមន៍ក៏ក្រុមហ៊ុនគិតគូយ៉ាងយកចិត្តទុកដាក់ផងដែរ។ Panasonic បានផ្ដួចផ្ដើមនូវយុទ្ធនាការ Panasonic Environment Vision 2050 ដែលផ្ដោតសំខាន់លើកិច្ចការពារបរិស្ថាន និងកិច្ចការគាំទ្រសង្គម ដើម្បីធ្វើឲ្យជីវិតរស់នៅរបស់ប្រជាជនក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើង។ ចក្ខុវិស័យនេះ បានបន្តក្នុងប្រទេសកម្ពុជា ដោយថ្ងៃនេះ យើងបានធ្វើការប្រគល់នូវរង្វាន់អាហារូបករណ៍ ដល់និស្សិតកម្ពុជា អាចបន្តការសិក្សាតាមជំនាញដែលពួកគាត់រៀន ។
លោកបញ្ជាក់ថា៖« កញ្ចប់ថវិកាប្រមាណ ២០០ ពាន់ដុល្លារ ត្រូវបានរៀបចំ សម្រាប់ការផ្ដល់អាហារូបករណ៍រយៈពេល ៥ ឆ្នាំ។ រៀងរាល់ឆ្នាំ និស្សិតកម្ពុជា ទាំង ៦ នាក់ នឹងត្រូវទទួលបានការសិក្សាឥតបង់ថ្លៃ ព្រមជាមួយប្រាក់ឧបត្ថម្ភសម្រាប់ជីវភាពរបស់ពួកគាត់»។
អាហារូបករណ៍នេះ នឹងផ្ដល់ឱកាសដល់និស្សិតសម្រាប់សិក្សាជំនាញពាណិជ្ជកម្ម និងវិស្វកម្ម សិក្សានៅ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
នាយកគ្រប់គ្រងខាងលើបានបន្ថែមទៀតថា កម្មវិធីអាហារូបករណ៍អាស៊ីរបស់ក្រុមហ៊ុន Panasonic ត្រូវបានបង្កើតឡើង ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព និងផ្ដល់ឱកាសដល់អ្នកដឹកនាំជំនាន់ក្រោយ នៅក្នុងតំបន់នៃប្រទេសទាំង ។ មាននិស្សិតប្រមាណ ៩០៥ នាក់ បានទទួលអត្ថប្រយោជន៍ពីអាហារូបករណ៍នេះ ហើយចំនួននេះ បាននៅបន្តកើនឡើងជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោក Maresuke Nagatoshi ក៏សូមឲ្យប្អូនៗបន្តក្ដីសុបិនដែលខ្លួនចង់បាន ពីព្រោះអនាគតជាកម្មសិទ្ធិរបស់យើងម្នាក់ៗ មានតែអ្នកដែលមានក្តីសុបិនច្បាស់លាស់តែប៉ុណ្ណោះ ទើបធ្វើដំណើរទៅអនាគតដែលខ្លួនចង់បាន។ តាមរយៈគំនិតនេះ Panasonic តែងជឿជាក់ថា យើងនឹងផ្ដល់នូវជីវិតរស់នៅប្រកបដោយផាសុកភាព និងធ្វើឲ្យពិភពលោកស្រស់បំព្រង ដូចនឹងពាក្យស្លោក “A Better Life, A Better World”៕