ផ្លូវជាតិលេខ២ប្រវែង៥៧គីឡូម៉ែត្រ គ្រោងបើកការដ្ឋាននៅអំឡុងខែវិច្ឆកា ឬខែធ្នូចុងឆ្នាំនេះ

តាកែវ: រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានអះអាងពីម្សិលមិញថា គម្រោងស្តារផ្លូវជាតិលេខ ២ គឺចាប់ពីក្រុងតាខ្មៅ ខេត្តកណ្ដាល ដល់អូរចំបក់ ជិតទីរួមខេត្តតាកែវ ប្រវែង៥៧គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋាននៅអំឡុងខែវិច្ឆកា ឬខែធ្នូចុងឆ្នាំនេះ។

ការលើកឡើងនេះ ខណៈលោកទេសរដ្ឋមន្ដ្រីបានដឹកនាំមន្ដ្រីបច្ចេកទេសក្រោមឱវាទក្រសួងចុះត្រួតពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ដែលកំពុងជួសជុលស្ថាបនាធ្វើឲ្យប្រសើរឡើង ដើម្បីធានាបានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង។ ការចុះពិនិត្យនេះមានការចូលរួមពីមន្ដ្រីបច្ចេកទេស ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ខេត្តកែប និងខេត្តកំពត។

លោក ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងស្តារផ្លូវជាតិលេខ២ គឺចាប់ពីក្រុងតាខ្មៅ ខេត្តកណ្ដាល ដល់អូរចំបក់ ជិតទីរួមខេត្តតាកែវ ប្រវែង ៥៧គីឡូម៉ែត្រ ព្រមទាំងសាងសង់ផ្លូវជាតិលេខ ២២ ពីអូរចំបក់ ដល់អង្គតាសោម ប្រវែង៩គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋានសាងសង់នៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ដើម្បីស្ដារឲ្យល្អប្រសើឡើងវិញ។

លោកបញ្ជាក់ថា៖«ខ្ញុំជំរាបបងប្អូនចំពោះគម្រោងផ្លូវជាតិលេខ ២ ពីភ្នំពេញ ទៅខេត្តតាមតាកែវនេះ មានគេសួរថា ពេលណាបើកការដ្ឋាន? ខ្ញុំសូមជំរាបថា យើងត្រៀមបើការដ្ឋាន ឥឡូវវាលែងភ្លៀងហើយ អ៊ីចឹង ក្រុមហ៊ុនកូរ៉េ គេកំពុងរៀបចំបញ្ជូនគ្រឿងចក្រមក យើងខ្ញុំសង្ឍឹមថា នឹងបានបើកការដ្ឋាននៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ចុងឆ្នាំ២០១៩នេះ។

លោកបន្ថែមថា៖«យើងរង់ចាំឲ្យវាស្ងួតដី ជាពិសេសយើងសុំពេលវេលាសម្ដេចតេជោ ហ៊ុន សែន ដើម្បីលោកអញ្ជើញទៅបើកការដ្ឋានសាងសង់ផ្លូវជាតិលេ ខ២ ពីភ្នំពេញទីតាកែវ។ យើងនឹងស្នើសុំឲ្យមានការដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ២១ ពីតាខ្មៅ ទៅជ្រៃធំព្រំដែនកម្ពុជា-វៀតណាម និងផ្លូវជាតិលេខ ៥៥ ពីពោធិ៍សាត់ទៅថ្មដាផងដែរ»។

គម្រោងស្តារផ្លូវជាតិលេខ២ គឺចាប់ពីក្រុងតាខ្មៅ ខេត្តកណ្ដាល ដល់អូរចំបក់ ជិតទីរួមខេត្តតាកែវ ប្រវែង៥៧គីឡូម៉ែត្រ ព្រមទាំងសាងសង់ផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម ប្រវែង៩គីឡូម៉ែត្រផងដែរ។ ក្រុមហ៊ុន Hanshin Engineering & Construction Co. Ltd ជាអ្នកទទួលបន្ទុកលើកិច្ចការសាងសង់នេះ។

គម្រោងនេះ អាចនឹងត្រូវចំណាយប្រមាណ ៥៦លានដុល្លារ ដែលជាថវិកាកម្ចីពីរដ្ឋាភិបាលកូរ៉េ និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ជាង៨លានដុល្លារ៕