ផ្លូវជាតិ២ខ្សែដែលទើបសាងសង់រួច បាននិងកំពុងរកថ្ងៃល្អសម្ពោធដាក់ឲ្យប្រើប្រាស់នាចុងឆ្នាំនេះ

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៧ ខែតុលានេះបានឲ្យដឹងថា ផ្លូវជាតិលេខ ២១ និងផ្លូវជាតិ ៥៥ ដែលជាផ្លូវស្រស់ស្អាតឡើងភ្នំ ចុះភ្នំភ្ជាប់ទៅទល់ដែនថៃ គ្រោងនឹងប្រកាសបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាចុងឆ្នាំនេះ។

ការលើកឡើងនេះ ខណៈដែលលោកបានដឹកនាំមន្ដ្រីបច្ចេកទេសក្រោមឱវាទក្រសួង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ដែលកំពុងជួសជុលស្ថាបនាធ្វើឲ្យប្រសើរឡើង ដើម្បីធានាបានគុណភាពរឹងមាំអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។ ការចុះពិនិត្យនេះមានការចូលរួមពីមន្ដ្រីបច្ចេកទេស ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ខេត្តកែប និងខេត្តកំពតដែរ។

លោកទេសរដ្ឋមន្ដ្រីបានបញ្ជាក់ពីគម្រោងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ១០ (សំឡូត-កោះកុង) និងគម្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ផ្លូវជាតិ៥៥ ដែលជាផ្លូវស្រស់ស្អាតឡើងចុះភ្នំ ភ្ជាប់ទៅទល់ដែនថៃនាពេលឆាប់ៗនេះ។

លោកបន្តថា ផ្លូវថ្នល់មួយចំនួននៅកម្ពុជាកំពុងត្រូវបានបន្តអភិវឌ្ឍជាបន្តបន្ទាប់ពី កៅស៊ូ២ស្រទាប់ (DBST) ទៅជាបេតុងកៅស៊ូ (AC) និងផ្លូវមួយចំនួនទៅជាបេតុងស៊ីម៉ងត៍ ដូចជា៖ ផ្លូវកោះកុង- ស្រែអំបិល កំពង់ធ្វើជា AC ២គន្លង និងមាន ៤កន្លែង ពង្រីកទៅជា ៤គន្លង។

ដោយឡែកលោកថា កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប ១៣៤,៧៩៦ គីឡូម៉ែត្រ ដោយក្នុងនោះប្រវែង ៦៩ គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង និងចាប់ពីបែកគូស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង។

គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន និងប្រើរយៈពេល ៤៨ខែ។

ផ្លូវលេខ ៣នេះ នឹងត្រូវធ្វើការជួសជុលឲ្យបានរួចរាល់នៅក្នុងខែធ្នូចុងឆ្នាំ ២០១៩នេះ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗចំនួន ២ គឺពិធីបុណ្យសមុទ្រជុំទី ៣ នៅខេត្តកំពត ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៩ និងពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះមកខេត្តកែប ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករា ឆ្នាំ២០២០នេះ៕