រដ្ឋមន្ត្រីក្រសួងសុខាភិបាលជំរុញឲ្យពលរដ្ឋឈប់ទៅព្យាបាលបរទេស ងាកមកព្យាបាលជំងឺនៅពេទ្យក្នុងស្រុកវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៨ ខែតុលានេះ បានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជា ដែលតែងតែទៅសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស ងាកមកព្យាបាលជំងឺ នៅមន្ទីរពេទ្យនានានៃប្រទេសកម្ពុជាវិញ។

ការជំរុញបែបនេះ នៅពេលលោកចុះពិនិត្យការដ្ឋានសំណង់អគារមជ្ឈមណ្ឌលពហុឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា កន្លងមកក្រសួងសុខាភិបាល តែងតែធ្វើការជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមទទួលសេវាសាធារណៈនានា ដែលមាននៅក្នុងប្រទេសកម្ពុជា ព្រោះថា ពីមួយថ្ងៃ ទៅមួយថ្ងៃ មន្ទីរពេទ្យឯកទេសជាច្រើន នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ សំរាប់បំរើសេវាកម្មព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្របតាមស្តង់ដាខ្ពស់ អាចធៀបនៅបណ្តាប្រទេសដទៃបាន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការពង្រីកមន្ទីរពេទ្យកាល់ម៉ែត តាមរយៈការសាងសង់អាគារព្យាបាលជំងឺថ្មីៗ ជាបន្តបន្ទាប់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឆ្លើយតបតាមតំរូវការ របស់ប្រជាពលរដ្ឋ ដែលមានជំងឺប្រចាំកាយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង។

លោកបន្ដថា ព្រោះរាជរដ្ឋាភិបាល បានចាត់ទុកថា មន្ទីរពេទ្យកាល់ម៉ែត គឺជាមន្ទីរពេទ្យលំដាប់កំពូលមួយ របស់កម្ពុជា ដែលមានបច្ចេកទេសខ្ពស់ មានគ្រប់ឯកទេសសំរាប់ព្យាបាល និងជាកន្លែងបណ្តុះបណ្តាលស្រាវជ្រាវ វេជ្ជសាស្រ្តដែលមានគុណភាពផងដែរ។

លោក ម៉ម ប៊ុនហេង សង្ឃឹមជឿជាក់ថា អាគារអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត និងធ្វើការសាងសង់ ក៏ដូចជាការបំពាក់គ្រឿងបរិក្ខារបច្ចេកទេសទំនើប តាមបច្ចេកវិទ្យាថ្មីៗ ក្នុងការព្យាបាលជំងឺ រួចរាល់នៅក្នុងឆ្នាំ ២០២២ ដើម្បីបំរើក្នុងការព្យាបាលជំងឺ តាមតំរូវការរបស់ប្រជាពលរដ្ឋកម្ពុជា។

លោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានសាងសង់មណ្ឌលសុខភាពនានា នៅតាមតំបន់ជនបទ នៃបណ្តាខេត្តនានា ជាង៦០ទីកន្លែង ដែលជាការបង្ហាញការយកចិត្តទុកដាក់ដ៏ម៉ត់ចត់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាយ ក្នុងការធ្វើដំណើរមករាជធានីភ្នំពេញ ក៏ដូចជាការបង្ខិតសេវាសុខាភិបាលឲ្យកាន់តែជិតជូនប្រជាពលរដ្ឋ៕