
អ្នកស្រាវជ្រាវ បុរាណវិទ្យា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានធ្វើកំណាយ រកឃើញផូស៊ីលដើមឈើ ប្រវែង ១៤ម៉ែត្ររួចហើយ នៅលើទីតាំងគម្រោងស្រាវជ្រាវ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងស្រុកលំផាត់ ខេត្ត រតនគីរី។
លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថាក្រុមការងារជំនាញក្រសួងបរិស្ថាន អ្នកបច្ចេកទេសមកពីរាជបណ្ឌិតសភាកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ អ្នកស្រាវជ្រាវអំពីសត្វ អ្នកធរណីវិទ្យា និងក្រុមការងារស្ម័គ្រចិត្ត នឹងបន្ត ធ្វើកំណាយសិក្សាស្រាវជ្រាវលើផូស៊ីលដើមឈើ បានប្រេវែង១៤មហេីយ ក្នុងរយ:ពេល ១សប្តាហ៍ កន្លង មកហេីយនៅក្នងដែនជម្រកសត្វព្រៃលំផាត់។ នៅពេល នេះ ក្រុម ការងារ បន្ត កំណាយ រកឃេីញផូស៊ីលឈេី លេីទីតាំងបន្ថែម ទៀត ព្រោះ អ្នកស្រាវជ្រាវ បានរកឃេីញសំណាកមានមែកឈេី និងសង្ស័យមានដេីមឈេីថ្មមួយនេះហាក់ជាដួលសង្កត់ លេីដេីមឈេីមួយផ្សេងទៀត។
លោក លឹម វណ្ណច័ន្ទ បានបន្តថា នេះជាគម្រោងស្រាវជ្រាវជាប្រវត្តិសាស្រ្តលើកទី០១ លើផូស៊ីលឈើនៅព្រះរាជាណាចក្រកម្ពុជា ដោយអ្នកជំនាញពាក់ព័ន្ធបុរាណវិទ្យា ហើយគម្រោងនេះ បានទទួលការគាំទ្រផ្តួចផ្តើមដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានសហការពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគីរី មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស កងកំលាំងប្រដាប់អាវុធ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ។
លោក លឹម វណ្ណច័ន្ទ បានបញ្ជាក់ដែរថា គោលបំណងនៃការធ្វើកំណាយសិក្សា ស្រាវជ្រាវនេះ នឹងប្រមូលទិន្នន័យ និងសំណាកសម្រាប់ចងក្រងជាឯកសារវប្បធម៌ប្រវត្តិសាស្រ្តមួយនៅកម្ពុជា។
លោក សៀង សុថា អតីតប្រធាននាយកដ្ឋានភូគព្ភសាស្រ្តក្រសួង រ៉ែ និង ថាមពល បានចូលរួមដោយ ស្ម័គ្រចិត្តជាមួយក្រុមការងារដោយយល់ ថាជាគម្រោងមានសារ:សំខាន់សម្រាប់ការស្រាវជ្រាវរកឃេីញផូស៊ីលឈេីថ្ម ដែលអាចកេីតឡេីងមានអាយុរាប់លានឆ្នាំ ។ លោក ជំនាញផ្នែកដីរូបនេះបានបញ្ជាក់ ដែរថា ការរកឃេីញថ្មីនេះជាប្រយោជន៍សំខាន់នៃការសិក្សាស្រាវជ្រាវរបស់ជំនាន់ក្រោយ និង បង្ហាញពីការ វិវត្តន៍ ថ្មី នៃការស្រាវជ្រាវរបស់កម្ពុជាលេីកំណាយសិក្សាលេីផូស៊ីលឈេី ដែលក្លាយជាថ្ម។
សូមបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវលើផូស៊ីលដើមឈើ បានចាប់ផ្តើមគម្រោងរបស់ខ្លួន ពីថ្ងៃ២២ ខែតុលា ហើយបន្តដល់ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងស្រុកលំផាត់ ខេត្ត រតនគិរី ។ ក្រុមការងារ កំពុងបន្តពិនិត្យទីតាំង និងរកឃេីញសំណាកប្រហាក់ប្រហែលផូស៊ីលឈើចំនួន១៨កន្លែង ផ្សេង ទៀត ដែល ស្ថិត នៅក្បែរន្លែងនោះបន្ថែមទៀតផងដែរ។
លោក ផុន ខេមរិន្ទ ប្រធាន មន្ទីរបរិស្ថានខេត្តរតនគីរី បានបង្ហាញសេចក្តីសង្ឃឹមថា តំបន់នេះ នឹងអាចប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ និងជាទីតាំងទាក់ទាញការសិក្សាស្រាវជ្រាវបន្ថែមដល់សិស្ស និស្សិត ដែលអាចជាប្រយោជន៍នៃលើកកម្ពស់ការថែរក្សាធនធានធម្មជាតិ និងបង្កើនជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍។ លោកនឹង រៀបចំបង្កេីតជាស្នាក់ការងនៃតំបន់ការពារធម្មជាតិ ដេីម្បីការពារតំបន់កំណាយផងដែរ៕