
ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចខេត្តព្រះសីហនុបានរកឃើញសាកសពកញ្ញា Amelia Bambridge ជនជាតិអង់គ្លេស ដែលបានបាត់ខ្លួនដោយអាថ៌កំបាំង បន្ទាប់ពីបានចូលរួមពិធីជប់លៀងនៅឆ្នេរប៉ូលីសកោះរ៉ុងនោះ បងប្រុសរបស់នាងឈ្មោះ Harry Bambridge បាននិយាយថា មាននរណាម្នាក់បានចាប់ពង្រត់នាង ខណៈដែលគាត់សង្ឃឹមថានាងនៅតែមានជីវិតនៅឡើយ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងកម្មវិធីសន្និសីទកាសែតមួយកាលពីយប់មិញ បន្ទាប់ពីការបញ្ចប់ការស្វែងរកប្អូនស្រីលោកដែលបាត់ខ្លួននោះ លោក Harry Bambridge បាននិយាយថា៖«ខ្ញុំជឿថាមាននរណាម្នាក់ដឹងពីរឿងនេះ ដឹងអំពីការបាត់ខ្លួនរបស់នាង ច្រើនជាងអ្វីដែលយើងបានដឹងនៅនាទីនេះ ដូច្នេះយើងគ្រាន់តែត្រូវការព័ត៌មានបន្ថែមប៉ុណ្ណោះ។
លោកបន្ថែមថា«អ្វីដែលសង្ស័យចំពោះខ្ញុំ គឺកង្វះព័ត៌មានអំពីការបាត់ខ្លួនរបស់នាង។ វាគឺជាពិធីជប់លៀងមួយ វាមិនមមាញឹកទេ – មានបុគ្គលិកជាច្រើននៅទីនោះ។ មួយនាទីនាងនៅទីនោះ ហើយបន្ទាប់មកនាងបានចេញទៅ ;;ខ្ញុំជឿថា មាននរណាម្នាក់ដឹងថា មានអ្វីកើតឡើងចំពោះនាង ហើយវាគ្រាន់តែជាបញ្ហាក្នុងការស្វែងរកព័ត៌មាន ដែលនឹងប្រាប់យើងបន្ថែមទៀតអំពីអ្វីដែលបានកើតឡើង។ ខ្ញុំនៅតែជឿថា មានអ្នកចាប់ពង្រត់នាង យកទៅធ្វើបាបនៅកន្លែងស្ងាត់បំផុត»។
កាលពី ៨ថ្ងៃមុន នៅកោះរ៉ុង ខេត្តព្រះសីហនុ នារីជនជាតិអង់គ្លេសវ័យ ២២ឆ្នាំ បានបាត់ខ្លួន ដោយសមត្ថកិច្ចកឃើញសពរបស់នាងអណ្ដែតរហូតទៅដល់ខេត្តកោះកុង ជាប់ព្រំដែនទឹកប្រទេសថៃ ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីកោះរ៉ុង នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ប៉ុន្តែមន្ត្រីមិនទាន់អាចបញ្ជាក់ពីមូលហេតុនៅឡើយ។
លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា សពនារីជនជាតិអង់គ្លេស ត្រូវបានរកឃើញនៅម្ដុំកោះឆ្លាម ក្នុងខេត្តកោះកុង ហើយនៅពេលនេះ កម្លាំងរបស់លោកកំពុងតែនាំសពរបស់នាងមកលើគោក ដើម្បីធ្វើកោសល្យវិច្ច័យបន្ថែមទៀត។
លោកបន្តថា ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្ដ្រីជនជាតិអង់គ្លេសដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល៧ថ្ងៃមកដល់ថ្ងៃ ៣១ខែតុលាឆ្នាំ ២០១៩នេះ បានជួបប្រទះឃើញសាកសព ស្ដ្រីរងគ្រោះអណ្ដែតនៅលើផ្ទៃសមុទ្រនៅចំនុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា-ថៃ។
ក្នុងប្រតិបត្តិការស្វែងរកនាងនេះ មានមនុស្សជាង ២០ នាក់ ត្រូវបានមន្ត្រីនគរបាលចុះទៅសាកសួរ និងហៅមកសួរនៅស្នងការដ្ឋានខេត្តព្រះសីហនុជាបន្តបន្ទាប់ជុំវិញករណីបាត់ខ្លួនស្ដ្រីជនជាតិអង់គ្លេសនៅកោះរ៉ុង ខេត្តព្រះសីហនុ។ មន្ត្រីបានលើកឡើងថា ថ្វីដ្បិតមានប្រតិបត្តិការរុករកអស់ជាច្រើនថ្ងៃរួមទាំងសាកសួរមនុស្សមួយចំនួនក្ដី ប៉ុន្តែមិនទាន់ទទួលបានតម្រុយអ្វីថ្មីពាក់ព័ន្ធនឹងការបាត់ខ្លួនស្ដ្រីអង់គ្លេសនោះទេ។
អ្នកទេសចរជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge អាយុ ២១ ឆ្នាំ ត្រូវបានអាជ្ញាធរអះអាងដំបូងថា បានបាត់ខ្លួនកាលពីវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី ២៤ តុលា ក្រោយពីស្ដ្រីរូបនេះត្រូវបានគេឃើញលើកចុងក្រោយធ្វើដំណើរតែម្នាក់ឯងចេញពីកម្មវិធីជប់លៀងមួយនៅភោជនីយដ្ឋានឈ្មោះ Police Beach ដើម្បីត្រឡប់ទៅកាន់សណ្ឋាគារស្នាក់នៅវិញឈ្មោះ Nest Beach Club ដែលមានចម្ងាយពីគ្នាប្រហែល ១ គីឡូម៉ែត្រ៕