
សៀមរាប៖ នៅថ្ងៃទី ១ ដើមខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ កម្លាំងចម្រុះរួមមាន អាជ្ញាធរជាតិអប្សរា អាជ្ញាធរក្រុងសៀមរាប សាលាសង្កាត់ជ្រាវ នគរបាល និងកងរាជអាវុធហត្ថក្រុងសៀមរាប បានចុះប្រតិបត្តិការរុះរើស និងវាយកម្ទេចសំណង់ខុសច្បាប់ចំនួន ២ កន្លែងសង់នៅលើទំនប់ត្រពាំងហែផ្កា និងទួលគោកគូនៃតំបន់ការពារបុរាណដ្ឋានត្រពាំងហែផ្កា។
ចំពោះសំណង់ខុសច្បាប់ទី១ដែលត្រូវរុះរើជារបស់លោក ឃន់ សុខន ជាប្រភេទសំណង់របងបេតុងធ្វើរំលោភបំពានលើខ្នងទំនប់ត្រពាំងហែផ្កាខាងត្បូង មានកម្ពស់២,៥០ម៉ែត្រ (ចាក់ក្រវ៉ាត់ កឥដ្ឋ) បណ្តោយ ៨៧ ម៉ែត្រ គុណនឹង ៣៨ ម៉ែត្រ រួមនឹងសំណង់ខ្ចុសមួយខ្នង ធ្វើពីថ្មប្រក់ក្បឿង មានទំហំប្រហែល៤ម៉ែត្របួនជ្រុង និងបង្គន់មួយ។
រីឯសំណង់ខុសច្បាប់ទី ២ ជារបស់អ្នកស្រី ពុម សុគន្ធា ជាសំណង់របងធ្វើរំលោភព័ទ្ធជុំវិញទួលបុរាណ (គោកគូ) ស្ថិតនៅក្នុងតំបន់ការពារត្រពាំងហែផ្កា មានកម្ពស់២,៥០ម៉ែត្រ (ចាក់ក្រវ៉ាត់ កឥដ្ឋ) មានទំហំប្រហែល២៤ម៉ែត្របួនជ្រុង។
មុននឹងធ្វើការរុះរើនេះ អាជ្ញាធរជាតិអប្សរាធ្លាប់បានចេញលិខិតណែនាំ និងបានផ្តល់ពេលវេលាសមស្របឲ្យម្ចាស់សំណង់ខុសច្បាប់ខាងលើធ្វើការរុះរើដោយស្ម័គ្រចិត្តនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ ប៉ុន្តែដោយសង្កេតឃើញថាពុំមានសកម្មភាពរុះរើ អាជ្ញាធរជាតិអប្សរាក៏បានអញ្ជើញម្ចាស់សំណង់ខុសច្បាប់ទាំងនេះមកជួបពិភាក្សាដោយផ្ទាល់ចំនួន២ដងដើម្បីជម្រុញឲ្យមានការស្ម័គ្រចិត្តរុះរើសំណង់ដោយខ្លួនឯង គឺនៅថ្ងៃទី២២ និង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។
ក្នុងកិច្ចពិភាក្សានោះ លោក ឃន់ សុខន បានទទួលស្គាល់កំហុសដែលបានសាងសង់ខុសច្បាប់នៅលើខ្នងទំនប់ត្រពាំងហែផ្កា និងបានយល់ព្រមឱ្យក្រុមការងារចម្រុះរុះរើដោយគ្មានការតវ៉ា ប៉ុន្តែពុំព្រមរុះរើដោយខ្លួនឯងនោះទេ។ លុះនៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពេលក្រុមការងារចម្រុះចុះអនុវត្តការរុះរើ ទើបលោក ឃន់ សុខន បានផ្តិតមេដៃអនុញ្ញាតឲ្យក្រុមការងារធ្វើការរុះរើ។ ដោយឡែក អ្នកស្រី ពុម សុគន្ធា ពុំព្រមចូលខ្លួនមកពិភាក្សាជាមួយក្រុមការងារចម្រុះសោះឡើយ៕