
ភ្នំពេញ៖ ក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ ថ្ងៃ បានបញ្ចប់ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ចំនួនភ្ញៀវជាតិអន្តរជាតិចូលទស្សនានៅឆ្នាំនេះ មានប្រមាណជិត ៥ ម៉ឺននាក់ កើនលើសឆ្នាំ២០១៨ ប្រមាណជិត១០%។
ក្នុងបទសម្ភាសខ្លីជាមួយនឹង BTV ទូរទស្សន៍ នៅព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកានេះ ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងឱកាសថ្ងៃឈប់សំរាករយៈពេល ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក គឺមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ គឺមានភ្ញៀវជាតិអន្តរជាតិចូលទស្សនាមានប្រមាណជិត ៥ ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមកទស្សនាមានប្រមាណជាង ២ ម៉ឺននាក់។
លោក ម៉ម វាសនា បញ្ជាក់ថា គិតត្រឹមម៉ោងបាញ់កាំជ្រួចនៅពេលយប់ នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវចូលទស្សនាប្រមាណ៥៥ម៉ឺននាក់ ថ្ងៃទី២ មានប្រមាណ ១ លាន ៥ សែននាក់ ដោយឡែកថ្ងៃទី ៣ គឺមានប្រមាណជិត ៣ លាននាក់៕