
ភ្នំពេញ៖ ក្នុងការប្រើប្រាស់អក្សរសាស្ត្រខ្មែរ មានពាក្យជាច្រើនដែលសាធារណជន នៅមានភាពមិនច្បាស់ក្នុងការប្រើប្រាស់ឲ្យត្រូវតាមក្បួនវេយ្យាករណ៍ កិរិយាសព្ទ គុណសព្ទ នាមសព្ទ បាលី និងសំស្ក្រឹតនៅក្នុងភាសាខ្មែរ។ ជាអាទិ៍ ពាក្យ «អភិវឌ្ឍ និង អភិវឌ្ឍន៍» ត្រូវបានអ្នកសរសេរភាគច្រើនលើកមកសរសេរ និងយល់ខុសៗពីគ្នា។
ក្នុងការសរសេរអត្ថបទ ពាក្យទាំងពីរនេះ ត្រូវបានគេយកទៅសរសេរតាមស្ថានភាពជាក់ស្ដែង។ ករណី យើងចង់ប្រើជាកិរិយាសព្ទ យើងត្រូវសរសេរថា «អភិវឌ្ឍ» មានន័យថា៖ ចម្រើនក្រៃលែង, លូតលាស់ចម្រើន។ ដោយឡែកពាក្យ «អភិវឌ្ឍន៍» ជានាមសព្ទ មានន័យថា សេចក្ដីចម្រើនក្រៃលែង។ អភិវឌ្ឍនភាព ភាពនៃសេចក្ដីចម្រើន ។ អភិវឌ្ឍនាការ អាការនៃអភិវឌ្ឍន៍ ។ ល ។
ក្នុងករណី យើងចង់ប្រើជាមួយពាក្យ «ការ, ក្ដី, សេចក្ដី និងដំណើរ» យើងមិនអាចសរសេរជាមួយនឹង «អភិវឌ្ឍន៍» បានទេ។ ការសរសេរដ៏ត្រឹមត្រូវ គឺត្រូវប្រើជាមួយពាក្យ «អភិវឌ្ឍ» ទើបត្រឹមត្រូវ។ ឧ៖ «ការអភិវឌ្ឍ, ក្ដីអភិវឌ្ឍ, សេចក្ដីអភិវឌ្ឍ និងដំណើរអភិវឌ្ឍ»៕