រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី៖ យើងត្រូវតែថែរក្សាស្ថាបត្យកម្មដែលដូនតាខ្មែរបន្សល់ទុកឲ្យខាងតែបាន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានលើកឡើងថា មនុស្សជំនាន់ក្រោយទាំងអស់ ត្រូវតែចូលរួមការពារគាំទ្រលើកទឹកចិត្តការពារសំណង់លក្ខណៈជាបេតិកភណ្ឌ និងមានលក្ខណៈជាស្ថាបត្យកម្មពិសេស ដើម្បីរក្សាទម្រង់សំណង់ស្ថាបត្យកម្មទាំងនោះទុកកុំឲ្យបាត់បង់។

ការលើកឡើងនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅ«Architectural Guide Phnom Penh»កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២។ ដោយនៅពេលលោកបានមកកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នាពេលនេះ ក៏មានឱកាសបានរៀបចំតាក់តែងច្បាប់ស្តីពីសំណង់ដែលច្បាប់នេះ ផ្តល់ឱកាសឲ្យមានការជួសជុលលើសំណង់ស្ថាបត្យកម្មបេតិកភណ្ឌនានា ប៉ុន្តែត្រូវរក្សាទម្រង់ដើម។

លោកឧបនាយករដ្ឋមន្ដ្រីបានលើកឡើងថា មកដល់ពេលនេះបានឆ្លងកាត់ចំនួន៦ជំនាន់ស្ថាបត្យកម្មមកហើយ ដែលភាគច្រើនសំណង់ស្ថាបត្យកម្មទាំងនោះគឺមានទំនាក់ទំនងនឹងរាជធានីភ្នំពេញដែលមកដល់ឆ្នាំនេះគឺមានរយៈពេល ៥៨៦ ឆ្នាំហើយ ដែលចាត់ទុកថា ជាអាយុកាលមួយដ៏យូរលង់។ ដូច្នេះត្រូវរួមគ្នាថែរក្សាទុកឲ្យកូនចៅជំនាន់ក្រោយៗទៀតបានដឹង។

លោកបានបន្ថែមថា៖«យើងទាំងអស់គ្នាត្រូវរួមគ្នាការពារគាំទ្រលើកទឹកចិត្តដើម្បីឱ្យគំនិតនេះមានការរីកដុះដាលដល់កូនខ្មែរជំនាន់នេះនិងបណ្តាជំនាន់ក្រោយៗទៀត»។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា សំណង់ស្ថាបត្យកម្មខ្មែរមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ដែលបុព្វបុរសដូនតាខ្មែរ បានបន្សល់ទុកមកឲ្យកូនចៅជំនាន់ក្រោយ ប៉ុន្តែមកដល់របបប៉ុលពត សំណង់ស្ថាបត្យកម្មនានាក៏ត្រូវបានរងការបំផ្លិចបំផ្លាញ។

លោកស្រីបានបង្ហាញពីការជឿជាក់ចំពោះលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលតែងតែយកចិត្តទុកដាក់ក្នុងការថែរក្សាការពារសំណង់បេតិកភណ្ឌ ដើម្បីទុកឲ្យយុវជនជំនាន់ក្រោយបានយល់ដឹង៕