ចាប់ពីពេលនេះតទៅ កម្មករសំណង់នឹងមិនអនុញ្ញាតឲ្យស្នាក់ក្នុងអគារកំពុងសាងសង់ទៀតទេ

ភ្នំពេញ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី ១៣ ខែមករា​នេះ ប្រកាស​ហាម​មិន​ឲ្យ​កម្មករសំណង់​ទាំងអស់​ស្នាក់​នៅក្នុង​អគារ​កំពុង​សាងសង់​ទៀត​ទេ បន្ទាប់ពី​មាន​ករណីរ​លំបាក់​អគារ ២លើក​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប បណ្តាល​ឲ្យ​កម្មករ​ដែល​ស្នាក់នៅ​ក្នុង​អគារ​នោះ​ជាច្រើន​នាក់​ស្លាប់ និង​របួស។

តាម​សេចក្តីណែនាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា ហាម​ដាច់ខាត​ការ​ស្នាក់​នៅក្នុង​អគារ​ដែល​កំពុង​សាងសង់ ទោះបីជា​លក្ខណៈ​បណ្តោះអាសន្ន​ក៏ដោយ និង​ហាម​ដាច់ខាត​អ្នក​គ្មាន​ភារកិច្ច​ចូលក្នុង​ការដ្ឋាន​សំណង់។

ក្រៅពី​ហាម​កម្មករ​ដែល​ស្នាក់​នៅក្នុង​អគារ​កំពុង​សាងសង់​នោះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏បាន​ហាម​ដាច់ខាត​នូវ​ការសាងសង់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ ជួសជុល ឬ​រុះរើ និង​លិខិតអនុញ្ញាត បើក​ការដ្ឋាន​សំណង់, ហាម​ដាច់ខាត​ការអនុវត្ត​ការងារ​សាងសង់ ឬ រុះរើ​ដោយ​អ្នក​សាងសង់​ដែល​គ្មាន​អាជ្ញា​បណ្ណ ឬ​វិញ្ញាបនបត្រ​បញ្ជាក់ ការអនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ផ្ដល់​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

ហាម​ដាច់ខាត​ការដ្ឋាន​សំណង់​ដែល​ដំណើរការ​សាងសង់ ឬ រុះរើ​ដោយ​គ្មាន​វិស្វករ​ប្រចាំ​ការដ្ឋាន​ជា​អ្នកទទួលខុសត្រូវ និង​ហាម​ការប្រើប្រាស់​សំណង់​គ្រប់​ប្រភេទ ដោយ​គ្មាន​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់ ឬ​លិខិត​បិទ​ការដ្ឋាន​ផ្តល់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផងដែរ។

ក្នុង​សេចក្តីណែនាំ​នេះ ក្រសួង​បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​យកចិត្តទុកដាក់​អនុវត្តន៍​លើ​គោលការណ៍ និង​វិធានការ​ចំនួន៥ផ្សេងទៀត​រួមមាន៖ លិខិតអនុញ្ញាត​សាងសង់ ជួសជុល និង​រុះរើ, លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់, ការរៀបចំ​ការដ្ឋាន, ដំណើរ​ការដ្ឋាន​សាងសង់ និង​ការងារ​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់។

ក្រៅពី​ចេញ​សេចក្តីណែនាំ​នេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បានចេញ​សេចក្តីសម្រេច​មួយ ដោយ​ចាត់តាំង​មន្ត្រី​ជាច្រើន ដើម្បី​ត្រួតពិនិត្យ​សំណង់​នៅ​ទូទាំងប្រទេស​ផងដែរ។

គួររំឭកថា ការហាម​ប្រាម​ក្នុងការ​ស្នាក់នៅ​ក្នុង​អគារ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណីរ​លំបាក់​អគារ៧ជាន់ នៅ​ខេត្ត​កែប កាលពីដើម​ខែមករា កន្លងទៅនេះ បណ្តាល​ឲ្យ​កម្មករ​ដែល​ស្នាក់នៅ​ក្នុង​អគារ​នេះ​ចំ​នួ​ហន ៣៦នាក់​ស្លាប់ និង២៣នាក់​រងរបួស​ធ្ងន់​ស្រាល។ កាលពី​ខែមិថុនា ឆ្នាំ២០១៩ ករណីរ​លំបាក់​អគារ៧ជាន់ នៅ​ខេត្ត​ព្រះសីហនុ ក៏​បណ្តាល​ឲ្យ​កម្មករ​ដែល​ស្នាក់នៅ​ក្នុង​អគារ​នោះ​ស្លាប់​ចំនួន ២៨នាក់ និង​អ្នករបួស ២៦នាក់៕