អ្នក​បម្រើ​តាម​ផ្ទះ​ត្រូវ​ចូល​គុកដោយសារលួចលុយ និង​ធ្វើ​ម្ហូប​លាយ​ឈាម ទឹក​មាត់ និង​ទឹកនោម​ឱ្យ​ម្ចាស់​ផ្ទះ

សឹង្ហបុរី៖ ស្ត្រីបម្រើ​ការងារ​តាម​ផ្ទះ​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​មាន​វ័យ ៣០ ឆ្នាំ ឈ្មោះ Diana ត្រូវ​បាន​តុលាការ​ដាក់​ទោស​ឱ្យ​ជាប់​គុក​រយៈ​ពេល​ជាង​ ៦ ខែ​ដោយ​សារ​តែ​ស្រ្តី​រូប​នេះ​បាន​ធ្លាប់​លួច​ទ្រព្យ​សម្បត្តិ​របស់​ម្ចាស់​ផ្ទះ។ ស្រ្តី​ជាប់​ចោទ​នេះ​បាន​ចាប់​ផ្ដើម​បម្រើ​ការងារ​នៅ​ក្នុង​ផ្ទះ​នេះ​តាំង​ពីឆ្នាំ ២០១៧ មក​ម្ល៉េះ ដែល​គិត​ទៅ គឺ​គាត់​បាន​បម្រើ​ការងារ​ដល់​សមាជិក ៦ នាក់​ដល់​ទៅ ៣ ជំនាន់។ កាល​ពី​ចន្លោះ​ខែ​សីហា ឆ្នាំ ២០១៧ និង​ខែ​មិថុនា ឆ្នាំ ២០១៨ នាង​បាន​លួច​លុយ​ពី​ក្នុង​ទូដែក​របស់​ម្ចាស់​ផ្ទះ​សរុប​ប្រហែល $13300។ នៅខែ​សីហា ឆ្នាំ ២០១៩ នាង​ចាប់​ផ្ដើម​លាយ​ទឹក​នោម ទឹកមាត់ និង​ឈាម​រដូវ​ចូល​ទៅ​ក្នង​ទឹក​ក្នុង​កំសៀវ​ដោយ​ដឹង​ថា​គ្រួសារ​ម្ចាស់ផ្ទះ​ប្រាកដ​ជា​ផឹក​ទឹក​នោះ ហើយ​ពួកគេ​ក៏​ផឹក​ទឹក​នោះ​ពិតមែន។

នាង​ជឿ​ថា ការ​ធ្វើបែប​នេះ គ្រួសារ​ម្ចាស់ផ្ទះ​នោះ​នឹង​យល់​ព្រម​ធ្វើតាម​នាង​គ្រប់​យ៉ាង ហើយ​នឹង​មិន​ស្ដី​ឱ្យ​នាង​ពេល​ដែល​នាង​ធ្វើការ​មិន​ល្អ​នោះ​ឡើ​យ។ លើស​ពី​នេះ​ទៀត​ នាង​ក៏បាន​លាយ​ទឹកនោម​ចូល​ទៅ​ក្នុង​អង្ករ​ខ្លះ​ពេល​ដែល​នាង​ធ្វើ​ម្ហូប​អាហារ​ឱ្យ​គ្រួសារ​នោះ ហើយ​ពួក​គេ​ក៏​នៅតែ​ទទួល​ទាន​អាហារ​ទាំង​នោះ​ចូល។

ស្រ្តីអ្នកបម្រើ​តាមផ្ទះ​ម្នាក់នោះ​ក៏​ធ្លាប់​បាន​លួច​លុយ​ពី​ថៅកែ​វ័យ​ចំណាស់​របស់​នាង​កាល​ពី​ឆ្នាំ​មុន​ផង​ដែរ។ ជាទូទៅ ថែកែ​របស់​នាង​តែង​ទទួល​បាន​លុយ​ពី​ប្ដី និង​កូនស្រី​ទាំង​ ៣ របស់​គាត់​ប្រមាណ​ជា $3300 ហើយ​គាត់​តែង​តែ​រក្សា​លុយ​ទាំង​នោះ​នៅ​ក្នុង​ទូ​ដែក​ក្នុង​បន្ទប់គេង​របស់​គាត់​ដោយ​ទូដែក​នោះមាន​លេខ​សម្ងាត់​ទៀត​ផង។ ខណៈ​ពេល​ដែល​នាង​ចូល​សម្អាត​ក្នុង​បន្ទប់​នោះ នាង​ក៏​ដឹង​ថា​ទូដែក​នោះ​ស្ថិត​នៅ​កន្លែង​ណា។ នាង​បាន​លួច​មើល​ថៅកែ​របស់​នាង​បើក​លេខ​កូដ​សម្ងាត់​ក្នុង iPad របស់​គាត់​ ហើយ​នាង​ក៏​សាក​ព្យាយាម​ប្រើ​លេខ​ដូច​គ្នា​ដើម្បី​ដោះលេខ​សម្ងាត់​ទូដែក ហើយ​ក៏​បាន​ជោគជ័យ​ពិត​មែន។ នាង​បាន​លួច​លុយចេញ​ពី​ទូ​ដែក​នោះ​បាន ៥ ដង ហើយ​បាន​សុំ​ឱ្យ​ស្រ្តី​ម្នាក់​ជួយ​ផ្ញើ​លុយ​នោះ​ទៅ​ផ្ទះ​របស់​នាង​នៅ​ឯ​ប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់​មក​ទៀត ស្រ្តី​អ្នក​បម្រើ​ម្នាក់​នោះ​បាន​សារភាព​ទោស​កំហុស​របស់​ខ្លួន ហើយ​គ្រួសារ​ម្ចាស់​ផ្ទះ​ក៏​បាន​រាយការណ៍​ដល់​ប៉ូលិស​នៅ​ខែតុលា ឆ្នាំ ២០១៩។

ស្រ្តី​បម្រើតាម​ផ្ទះ​ដែល​ត្រូវ​បាន​ជាប់​ទោស​នោះ បាន​ធ្វើ​ការ​សុំទោស​ដល់​ម្ចាស់​ផ្ទះ ហើយ​បាន​និយាយ​ថា នាង​ជា​ស្រ្តី​មេម៉ាយ មាន​កូន​ម្នាក់ ហើយ​មាន​ម្ដាយ​ឈឺ​ទៀត។ នាង​គឺ​ជា​មនុស្សតែ​ម្នាក់​គត់​ដែល​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​នាង​ត្រូវ​គេ​បញ្ឈរ​ជើង​មិន​អាច​ធ្វើការ​បាន។ នាង​លួច​លុយ​ម្ចាស់​ផ្ទះ​ដោយ​សារ​តែ​បញ្ហា​គ្រួសារ​នៅ​ឯ​ប្រទេស​ឥណ្ឌូនេស៊ី។ នាង​អាច​នឹង​ប្រឈម​ក្នុង​ការ​ជាប់​គុក​ដល់​ទៅ​ជាង ៧ ឆ្នាំ និង​ត្រូវ​ផាក​ពិន័យ​ពី​បទ​ជាប់ចោទ​ក្នុង​ករណី​លួច​ទ្រព្យ​សម្បត្តិ​អ្នក​​ដទៃ។ ហើយ​ករណី​លួច​មិន​បាន​សម្រេច​អាច​នឹង​ជាប់​គុក​ដល់​ទៅ ១ ឆ្នាំ ឬ ពិន័យ ឬ​ពិន័យ និង​ជាប់គុក៕
ប្រភពព័ត៌មាន៖ Channel News Asia