អរគុណមិត្តជប៉ុន! ជប៉ុនបានជួយបណ្ដុះបណ្ដាល និងកសាងវិស័យធនធានទឹក ព្រោះឃើញកសិករខ្មែរកំពុងមានការខ្វះខាតទឹកធ្វើស្រែចំការនៅតាមបណ្ដាខេត្ត

ប្រទេស​ជប៉ុន​នឹង​បន្ត​ជួយ​កម្ពុជា​ថែម​ទៀត​តាម​រយៈ​អង្គការ JICA ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស និង​កសាង​សមត្ថភាព​មន្ត្រី​នៅ​ក្នុង​ក្រសួង​លើ​វិស័យ​ធនធាន​ទឹក​នៅ​កម្ពុជា ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ជាពិសេស​អាច​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​កសិករ​ដែល​កំពុង​ខ្វះខាត​ទឹក​សម្រាប់​ធ្វើ​ស្រែចំការ​នៅ​តាម​បណ្ដា​ខេត្ត។ នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរ​សមរវាង​ឯកឧត្តម  ប៊ុន  ហ៊ាន  រដ្ឋ​លេខាធិការ​ក្រសួង​ធនធាន​ទឹក  និង​ឧតុនិយម និង​លោក  SUNAZAKI Kozi អនុប្រធាន​នាយក​ដ្ឋាន​បណ្តុះ​បណ្តាល  JICA  HOKKAIDO ប្រទេស​ជប៉ុន ឯកឧត្តម  ប៊ុន  ហ៊ាន  បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជា្រល​ជ្រៅ​ដល់​ JICA ដែល​តែងតែ​យក​ចិត្ត​ទុក្ខ​ដាក់​ក្នុង​ការ​ជួយ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស និង​កសាង​សមត្ថភាព​មន្ត្រី​នៅ​ក្នុង​ក្រសួង​លើ​វិស័យ​ធនធាន​ទឹក​នៅ​កម្ពុជា។

ដោយ​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ពី​ជប៉ុន បាន​ធ្វើ​ឱ្យ​មន្រ្តី​បច្ចេកទេស​ក្រសួង​មាន​សមត្ថភាព​ម្ចាស់ការ​លើ​ការ​គ្រប់​គ្រង និង​ថែទាំ​ប្រព័ន្ធ​ធារា​សាស្រ្ត ក៏​ដូច​ជា​ការ​គ្រប់គ្រង​ធនធាន​ទឹក​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នេះ​ផង​ដែរ​ប្រធាន​នាយក​ដ្ឋាន​បណ្តុះ​បណ្តាល​  JICA ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​កិច្ច​សហការ​ដ៏​ល្អ​របស់​ក្រសួង​ធនធាន​ទឹក  និង​ឧតុនិយម  ក្នុង​ការ​បញ្ជូន​មន្ត្រី​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ទៅ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​នៅ​ប្រទេស​ជប៉ុន ហើយ​បាន​យក​ចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​ការ​បណ្តុះ​បណ្តាល មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​រ​បស់​ខ្លួន។ បន្ថែម​ពី​នេះ​លោក​នឹង​អញ្ជើញ​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ខេត្ត​ពោធិ៍សាត់ ដើម្បី​សិក្សា​ស្វែង​យល់​អំពី​ការងារ​បង្ក​បង្កើន​ផល​ស្រូវ និង​ជួយ​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះ​ខាត ដើម្បី​កសាង​កម្ម​វិធី​បណ្តុះបណ្តាល​អោយ​បាន​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង៕