រកឃើញអ្នកឆ្លងមេរោគពិឃាតកូរ៉ូណាករណីដំបូងនៅអូស្រា្ដលី និងនៅបារាំង

0

នៅព្រឹក​ថ្ងៃទី ២៥ ខែ​មករា​នេះ អាជ្ញាធរ​ផ្នែក​សុខាភិបាល​របស់​ប្រទេស​អូស្រា្ដលីបាន​ប្រកាសថា​បាន​រកឃើញ​អ្នកជំងឺ​ដំបូង​បំផុត​ដែល​បាន​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​របស់​ប្រទេស​ចិន​កូរ៉ូណា​នៅ​ក្នុង​រដ្ឋវិចតូរៀ​ ហើយ​អ្នក​ជំងឺ​នោះកំពុង​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ក្បែរ​រដ្ឋធានី​មែលបន។

អ្នកជំងឺ​ដំបូង​ដែល​ត្រូវ​បាន​គេ​រកឃើញ​ថា​ផ្ទុក​ជំងឺ​កូរ៉ូណា​នោះ ជាបុរសជន​ជាតិ​ចិន អាយុ​ប្រហែល ៥០ ឆ្នាំ ដែលបាន​ធ្វើដំណើរ​ពី​ប្រទេស​ចិន​មក​អូស្ត្រាលី​កាល​ពី​ថ្ងៃទី ១៩ ខែ​មករា​ តាម​រយៈ​ជើង​ហោះហើរ​ពី​ទី​ក្រុង​ក្វាង​ចូវ។

ផ្នែក​សុខាភិបាល​ក៏​បាន​ប្រាប់​ឱ្យ​ដឹង​បន្ថែម​ទៀត​ដែរ​ថា​ អ្នក​ជំងឺ​នោះមិន​ត្រូវ​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​ទេ ព្រោះគាត់​នៅ​មាន​សភាព​ជំងឺ​ស្រាល និង​មាន​ស្ថេរភាព​នៅ​ឡើយ។ ប៉ុន្តែ មន្រ្តី​ខាង​សុខាភិបាល​បាន​សង្កត់​ធ្ងន់​ថា អ្នក​ជំងឺ​នេះ​ត្រូវ​ដាក់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ហើយ​កំពុង​ទទួល​បាន​ការ​ព្យាបាល​ ហើយ​ពួក​គេ​មិន​ទាន់​មាន​ការ​សង្ស័យ​ច្រើន​ជាង​នេះ​សម្រាប់​ដំណាក់កាល​នេះ​ឡើយ។

ជាងនេះ​ទៅ​ទៀត មន្ត្រី​ការ​បរទេស​បាន​ទទូច​សុំ​មិន​ឱ្យ​ជនជាតិ​អូស្រ្តាលីធ្វើ​ដំណើរ​ទៅ​ខេត្ត​ហ៊ូប៉ី និង​វូហាន ​ប្រទេស​ចិន​ឡើយ ហើយប្រសិន​បើ​ប្រជាជន​របស់​ខ្លួន​នៅ​តែ​ចង់​ទៅ​ទៀត នៅគេ​នឹង​មិន​អនុញ្ញាតិ​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​នោះ​ឡើយ។

ដោយ​ឡែក នៅ​ប្រទេស​បារាំង​វិញ មាន​អ្នក​ជំងឺ ៣ នាក់​ដែល​បាន​ឆ្លង​មេរោគនេះ។ ដោយករណីទី ១ បានកើត​ទៅ​លើ​អ្នក​ជំងឺ​ម្នាក់​ដែល​ស្ថិត​នៅក្នុង​មន្ទីរ​ពេទ្យ​ដែលនៅភាគ​ខាង​ត្បូងឈាង​ខាងលិច​ទីក្រុង​ប៊រដូ ហើយ​អ្នក​ជំងឺ​ផ្សេង​ទៀត​នៅ​ទីក្រុង​ប៉ារីស នេះបើតាម​ការ​រាយការណ៍​ឱ្យដឹង​ពី​មន្ដ្រីសុខាភិបាល​បារាំង​លោក Agnes Buzyn។ អ្នកជំងឺទី ៣ ដែល​ជា​សាច់​ញាតិ​របស់​អ្នក​ជំងឺ​ទាំង ២ ខាងលើ ក៏​ត្រូវ​បាន​ពិនិត្យ និង​បញ្ជាក់​ថា​បាន​ផ្ទុក​មេរោគ​នេះ​ផង​ដែរ។ កាល​ពី​ពេល​ថ្មីៗ​នេះ អ្នកជំងឺ​ទាំង ៣ សុទ្ធ​តែធ្លាប់​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន ហើយ​បច្ចុប្បន្ន​ ពួកគេ​ត្រូវ​បានឱ្យ​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។

បើគិត​មក​ដល់​ព្រឹក​ថ្ងៃទី ២៥ ខែមករា​នេះ អាជ្ញាធរ​របស់​ចិន​បាន​ប្រាប់ឱ្យ​ដឹង​ថា ចំនួន​អ្នក​ផ្ទុក​ជំងឺ​នេះបាន​កើន​ឡើង​ដល់​ទៅ ១២៨៧ នាក់ និង​ស្លាប់ ៤១ នាក់​នៅ​ក្នុង​ប្រទេសចិន។

ក្រុមការងារ The Plus News សូមរំឭក​ដល់​ប្រិយមិត្ត​ទាំងអស់​ត្រូវ​រក្សា​អនាម័យ​ លាង​ដៃ​ជាមួយ​នឹង​សាប៊ូឱ្យ​បាន​ញឹកញាប់ ត្រូវពាក់​ម៉ាស​ប្រសិន​បើ​ត្រូវ​ចេញ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន៕

ប្រភពព័ត៌មាន៖ Channel News Asia

LEAVE A REPLY

Please enter your comment!
Please enter your name here